រុស្ស៊ីពេលនេះមិនត្រឹមតែចង់បង្រួមបង្រួមប្រទេសអតីតសហភាពសូវៀតនោះទេ គឺថែមទាំងមានបំណងចង់យករដ្ឋអាឡាស្កាពីអាមេរិកវិញផង ដោយសារតែរដ្ឋនោះកាលពីអតីតកាលគឺជារបស់រុស្ស៊ី ។
ប្រធានរដ្ឋសភារុស្ស៊ី លោក Vyacheslav Volodin បានព្រមានថា រដ្ឋអាឡាស្ការបស់អាមេរិក ធ្លាប់ជាផ្នែកមួយនៃទឹកដីរុស្ស៊ី ហើយទីក្រុងមូស្គូអាចនឹងទាមទារយករដ្ឋនេះមកវិញ ។
តាមសារព័ត៌មាន TASS បានផ្សាយថា នៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី៦ខែកក្កដា ប្រធានរដ្ឋសភារុស្ស៊ី លោក Vyacheslav Volodinបានព្រមានថា «មានអ្វីមួយដែលត្រូវទាមទាររដ្ឋអាឡាស្កាពីអាមេរិកវិញ» ។
លោក Vyacheslav Volodin បានលើកឡើងថា «ជនជាតិអាមរិក ត្រូវតែនឹកឃើញថា មានទឹកដីមួយផ្នែករបស់រុស្ស៊ីនៅអាមេរិក នោះគឺរដ្ឋអាឡាស្កា។ ដូច្នេះពួកគេចង់គ្រប់គ្រងកម្លាំងរបស់យើងនៅក្រៅប្រទេស ហើយមុនពេលធ្វើរឿងនោះត្រូវតែគិតថា យើងខ្ញុំក៏អាចទាមទារមកវិញនូវទឹកដី អាឡាស្កា។
កន្លងមក អនុប្រធានរដ្ឋសភា លោក Pyotr Tolstoy ធ្លាប់បានស្នើឱ្យបោះឆ្នោតប្រជាមតិទៅលើពលរដ្ឋរស់នៅក្នុងរដ្ឋអាឡាស្កា ដែលជាដែនដីដែលរុស្ស៊ីធ្លាប់គ្រប់គ្រង និងបង្កើតភូមិរស់នៅមុនពេលអាមេរិកទិញនៅឆ្នាំ១៨៦៧ ក្នុងតម្លៃ ៧,២លានដុល្លារ។
ការប្រឈមមុខតានតឹងរវាងអាមេរិកនឹងរុស្ស៊ីបានកើនឡើងខ្ពស់ជាច្រើនខែកន្លងមកចាប់តាំងពីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ នៅថ្ងៃទី៦ខែកក្កដា អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី ដែលជាអតីតប្រធានាធិបតី លោក Dmitry Medvedev បានព្រមានថា អាមេរិកអាចនឹងត្រូវប្រឈមការខឹងសម្បាពីព្រះជាម្ចាស់ ប្រសិនបើអាមេរិកនៅតែបន្តបង្កើតតុលាការអន្តរជាតិដើម្បីស្រាវជ្រាវពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters