ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីលួចម៉ូតូនិងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីលួចម៉ូតូនិងទទួលផលចោរកម្មរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ។

ការឃាត់ខ្លួននេះធ្វើឡើងវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ឡូញ ឡុង អាយុ២១ឆ្នាំនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ឡូញ ឡុង បានសារភាពថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ខ្លួនបានកាច់កម៉ូតូមួយគ្រឿងរបស់អ្នកភូមិមានឈ្មោះ សុខ សុខុម ភេទប្រុសអាយុ២៣ឆ្នាំនៅចំណុចភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំហើយបានជិះម៉ូតូទៅឱ្យឈ្មោះ ផាន់ ដារ៉ា ភេទប្រុសអាយុ៣៩ឆ្នាំមុខរបរជាងជួសជុលម៉ូតូមានទីលំនៅភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បន្ទាប់មកបុរសឈ្មោះ ផាន់ ដារ៉ា ក៏ជិះម៉ូតូយកទៅលក់បន្តឱ្យទៅឈ្មោះ វ៉ា សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំទីតាំងលក់ម៉ូតូនៅចំណុចភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ក្រោយមកសមត្ថកិច្ចបានចុះដល់ទីតាំងលក់ម៉ូតូខាងលើដោយ បានដកហូតម៉ូតូម៉ាកC១២៥ស៊េរី២០២២ពណ៌ខ្មៅ ស្លាកលេខ១S.៥៩៥៦លេខតួនិងលេខម៉ាសុីន៦២៨៨២៨៦ជាកាតគ្រីកម្មសិទ្ធរបស់ឈ្មោះ សុខ សុខុម ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូនិងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖