ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ទើបលោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ចុះដល់ទីតាំងទទួលផលចោរកម្មមួយកន្លែង បន្ទាប់នគរបាលនៃអធិការដ្ឋានស្រុកក្រគរ នាំចោរប្លន់ម៉ូតូម្នាក់មកចង្អុលបង្ហាញ ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចកន្លែងប៉ះកង់រថយន្តនិងបញ្ចូលហ្គាសមួយដែលជាផ្ទះរបស់ឈ្មោះ ឡាយ រត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់។
លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿង និងម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង ហើយការអនុវត្តនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរឃាត់ខ្លួនជនសង្ស័យ(ចោរប្លន់)ម្នាក់ឈ្មោះ ប៉ិល សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោយពីជនសង្ស័យរូបនេះឆ្លើយសារភាពប្រាប់សមត្ថកិច្ចប៉ុន្មានថ្ងៃមុនដែលខ្លួនបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូគេ រួចយកមកបញ្ចាំឱ្យឈ្មោះ(ឡាយ រត្ថា)ក្នុងតម្លៃ៦០ម៉ឺនរៀល(ហុកសិបម៉ឺនរៀលគត់)។
លោកឧត្ដមសេនីយ៍ត្រីស្នងការរងបន្តឱ្យដឹងទៀតថា បច្ចុប្បន្នវត្ថុតាងម៉ូតូចំនួន៤គ្រឿង និងម៉ូតូសណ្ដោងរុឺម៉ក និងម្ចាស់ផ្ទះទទួលបញ្ចាំ(ឡាយ រត្ថា)រួមទាំងជនសង្ស័យ(ចោរប្លន់)ឈ្មោះ ប៉ិល សុភណ្ឌ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន