ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនពេកដល់ផ្លូវកោងបួង ចង្កូតមិនទាន់ជ្រុលទៅបុកខឿនផ្លូវហើយបន្តទៅបុកចូលការាសសាំងមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

   ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿន ពេលដល់ផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទៅបុកខឿនផ្លូវបណ្តាលឱ្យរងការខូចខាត ហើយរថយន្តបង្កបានបន្តទៅមុខបុកចូលការាសសាំងមួយកន្លែងទៀតពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។

    ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នៅជិតស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ កែងមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AO-4115 តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយប្រើល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃមកផ្លូវចោមចៅជាផ្លូវកោងក៏បួងចង្កូតមិនទាន់បានជ្រុលទៅបុកខឿនផ្លូវ បណ្ដាលឱ្យបែកជិតមួយម៉ែត្រ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត២០ម៉ែត្រជ្រុលទៅបុកចូលការាសសាំងមួយកន្លែងទៀតពេញទំហឹងបណ្ដាលឱ្យបង្គោលថ្មជាប់នឹងកន្លែងចាក់សាំងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ បន្ទាប់មកខាងភាគីរថយន្ដបង្កបានចេញសំណងទៅឱ្យខាងភាគីការាសសាំងចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖