ព័ត៌មានទាន់ហេតុការណ៍៖

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនចូលឆ្លើយចំពោះមុខអយ្យការលើបណ្តឹង គ.ជ.ប.

ចែករំលែក៖

ភ្នំពេញ ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា បានចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមដីកាកោះរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺជុំវិញពាក្យបណ្តឹងរបស់ គ.ជ.ប. ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។ 

   លោក សុន ឆ័យ ក្នុងសម្លៀកបំពាក់សមរម្យជិះរថយន្តទំនើបមួយគ្រឿងមានតៃកុងបើកជូនដល់មុខសាលាដំបូង តែម្នាក់ឯង ចុះពីរថយន្តឱបឯកសារ បង្ហាញខ្លួនឱ្យអ្នកសារព័ត៌មានផ្តិតយករូបភាព និងលើកដៃស្វាគមន៍អ្នកគាំទ្រ មុនដើរចូលបន្ទប់អយ្យការនៅជាន់ទី២ គឺជាបន្ទប់លោក ប្លង់ សុផល ព្រះរាជ អាជ្ញារង រង់ចាំបើកការស៊ើបសួរលើសំណុំរឿងនេះ ។ រីឯនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញវិញ គេបានសង្កេតឃើញមានសកម្មជនគណបក្សភ្លើងទៀនប្រហែល៧០នាក់ដែលមកគាំទ្រ និងតាមឃ្លាំមើលក្នុងដំណើរការរឿងក្តីរបស់លោក សុន ឆ័យ ។ តំណាងអយ្យការបានបើកការស៊ើសួរលោក សុន ឆ័យ អស់រយៈពេលច្រើនម៉ោង និងបានបញ្ចប់ទៅវិញនៅព្រឹកថ្ងៃដដែលនោះ រួចលោក សុន ឆ័យ បានដើរចេញមកក្រៅជួបជាមួយបណ្តាញសារព័ត៌មានក្នុងស្រុក និងផ្តល់មតិមួយចំនួនដែលលោកបានឆ្លើយនៅចំពោះមុខស្ថាប័នអយ្យការ ។ 

    ចំណែកលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា តំណាងអយ្យការបានស្តាប់ចម្លេីយលោក សុន ឆ័យ រួច​រាល់ហើយ ព្រមទាំងបានពិនិត្យភស្តុតាងដែលលោក សុន ឆ័យ បានដាក់ចូលមក​នោះទៀតផង ដូច្នេះតំណាងអយ្យការនឹងបន្តនីតិវិធី។

   សូមជម្រាបថា សំណុំរឿងនេះតំណាង គ.ជ.ប. ដែលជាដើមបណ្ដឹងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ បានចូលបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយដែរ ។

   ខ្លឹមសារក្នុងបណ្តឹងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២លោក ឌឹម សុវណ្ណារុំ ភេទប្រុស សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និង សោម សូរីដា ភេទប្រុស អគ្គលេខាធិការរង គ.ជ.ប. ជាតំណាងឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងស្នើឱ្យធ្វើលិខិតសុំទោសជាសាធារណៈ។

    នៅក្នុងពាក្យបណ្តឹងដែលដាក់ចូលទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា សុំប្ដឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតនៅថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៥៦ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily។

    ពាក្យបណ្តឹងបានរៀបរាប់អំពីអង្គហេតុថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងពេលសម្ភាសន៍នៅនាទីទី១០:២៣ ដល់នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បានឆ្លើយតបទៅនឹងសំណួររបស់ឈ្មោះ តាំង សារ៉ាដា ដោយមានខ្លឹមសារថា៖ “…លទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង…”។ នៅនាទី ១៣:២៤ ដល់ ១៣:៣៣ “…យើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ ដូចយើងនិយាយអញ្ចឹង ចោរលួចគោ បើវាលួចគោបីហើយ យើងម៉េចមិនឲ្យវាលួចទាំង៥ទៅ ហើយនៅនាទី ១៤:២២ ដល់នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បានបន្តថា “…មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គេមានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹងយកទាហានឱ្យដើរគគ្រឹកគគ្រេង ទាំងយប់ហ្នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប. មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដទេ។

    ផ្អែកតាមខ្លឹមសារដែលឈ្មោះ សុន ឆ័យ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ខាងលើ ឈ្មោះ សុន ឆ័យ បានចោទប្រកាន់បំភ្លៃខុសពីការណ៍ពិតថា “…លទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ…វាមានការលួច …ចោរលួចគោអស់៣ នៅសល់២ យើងឱ្យចោរមកលួច២ទៀត មានអ្នកណាធ្វើបែបហ្នឹងកើត …វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប. មិនឯករាជ្យ…”។ 

    ការលើកឡើងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប. ដែលត្រូវបំពេញភារកិច្ចការងារដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

    ពាក្យបណ្តឹងរបស់តំណាង គ.ជ.ប. បានស្នើឲ្យ ទី១-ផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២-ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប. ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖