ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សុីនហ្សូ នាស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។
នាឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការរកសម្លេងឆ្នោត ស្ថិតនៅក្នុងក្រុងណារ៉ា (Nara) កាលពីថ្ងៃសុក្រទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងឱកាសដ៏សោកសៅនេះ តាងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខ្ញុំសូមសម្ដែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ… និងក្តីអាណិតអាសូរជាទីបំផុតជាមួយ ឯកឧត្តមប្រធាន និងតាមរយៈ លោកទេសរដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារ នៃសព និងបងប្អូនជនរួមជាតិជប៉ុនទាំងមូលចំពោះការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមរបស់ជាតិមួយរូប»។
លោកទេសរដ្ឋមន្ត្រីបានបន្ដទៀតថា៖ «សពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺជារដ្ឋបុរសដ៏ប៉ិនប្រសប់ និងមាន ប្រជាប្រិយភាពមួយរូប ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសកម្ពុជា និងជប៉ុន ក៏ដូចជាក្នុងការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ បន្ថែមលើនេះ ក្នុងអាណត្តិរបស់លោក ស៊ីនហ្សូ អាបេ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា និងដល់ប្រទេសមួយចំនួន ទៀតក្នុងតំបន់អាស៊ានផងដែរ៕
ដោយ៖ស តារា