ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធ លោក Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
សាររំលែកមរណទុក្ខ គោរពជូន លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
លោកឯកអគ្គរាជទូត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ
ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានដំណឹងអំពីមរណភាព របស់ លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម រូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោក និងតាមរយៈលោក ជាមួយ ក្រុមគ្រួសាររបស់លោក ស៊ីនហ្សូ អាបេ ក៏ដូចជា ប្រជាជនជប៉ុន និងប្រទេសជប៉ុន ចំពោះការបាត់បង់ លោក ស៊ីនហ្សូ អាបេ ដែលជាអ្នកស្នេហាជាតិ និងជារដ្ឋបុរសជប៉ុនដ៏ឆ្នើមមួយរូប ដែលត្រូវបានពិភពលោកទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពក្នុងការជំរុញវឌ្ឍនភាពរបស់ ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ទាំងមូល។ មរណភាពរបស់លោក ស៊ីនហ្សូ អាបេ គឺមិនត្រឹមតែជាការបាត់បង់ដ៏ធំធេង សម្រាប់តែក្រុមគ្រួសារ របស់លោក ស៊ីនហ្សូ អាបេ ប្រជាជនជប៉ុន និងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់មិត្តយូរលង់ដ៏ ល្អរបស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាផងដែរ ហើយប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក មានការស្តាយស្រណោះប្រកបដោយភាពសោកសង្រេង និងភាពអាឡោះអាល័យជាពន់ពេក។ លោក ស៊ីនហ្សូ អាបេ ព្រមទាំងគំរូវីរភាព និងស្នាដៃដ៏ធំធេងរបស់គាត់ នឹងត្រូវបានចងចាំជានិច្ចក្នុងដួងចិត្តរបស់ យើងខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាទូទៅ និងប្រជាជនក្នុងពិភពលោកផងដែរ។
ក្នុងឱកាសពោរពេញទៅដោយសេចក្ដីសោកសង្រេងនេះ, យើងខ្ញុំសូមសំដែងនូវការគោរពចំពោះដួង វិញ្ញាណក្ខន្ធរបស់លោក ស៊ីនហ្សូ អាបេ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ បានទៅកាន់ទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សុខ ខេមរា