ករណីឆ្លងកូវីដ-១៩ ត្រូវចូលមន្ទីរពេទ្យសម្រាកព្យាបាលបានកើនឡើងទ្វេដង។ មន្ត្រីសុខាភិបាលអាមេរិក ជាថ្មីម្តងទៀតបានបញ្ជាក់ថា វ៉ាក់សំាងទើបជាគន្លឹះដ៏រឹងមាំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
តាមសារព័ត៌មាន AFP បានផ្សាយថា នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១២ ខែកក្កដា អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) លោក Rochelle Walensky បានឱ្យដឹងថា អាមេរិកមានករណីឆ្លងត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាង៥ពាន់នាក់ក្នុងមួយថ្ងៃៗ។
ចំនួនអ្នកឆ្លងកូវីដ-១៩ ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានកើនឡើងដោយសារតែមានវត្ថមាន វីរុសកូវីដ-១៩ បំប្លែងថ្មី BA.4 និង BA.5 ជាប្រភេទអូមីក្រុង។ វីរុសបំប្លែងថ្មីនេះត្រូវបានរកឃើញដំបូង នៅក្នុងទឹកដីអាមេរិក កាលពីខែមេសា ដោយគ្រប់គ្រងការឆ្លងចាប់ពី១៦-៦០% ។
បើទោះបីវីរុសបំប្លែងថ្មី មិនបង្កគ្រោះថ្នាក់ខ្លាំង ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថានឹងមានករណីឆ្លងរាលដាលឆាប់រហ័ស ដោយអាចគេចពីអង្គបដិប្រាណការពារទៀតផង។
បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ-១៩ ចាប់ពី១០០ពាន់នាក់ ដល់១៥០ពាន់នាក់ក្នុងមួយថ្ងៃ ដែល ចំនួននេះនៅមានតិចជាងការពិត ដោយសារពលរដ្ឋមានទម្លាប់ធ្វើតេស្តរកកូវីដ-១៩ នៅតាមផ្ទះ ហើយមិនបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនោះឡើយ៕
ដោយ៖ ធីរីណា( រូបថត ៖ AFP/TTXVN)