ព័ត៌មានទាន់ហេតុការណ៍៖

អតីតប្រធានក្រុម AC Milan ខ្សែការពារ Romagnoli ចូលរួមជាមួយ Lazio

ចែករំលែក៖

ក្លិប Lazio បានចុះហត្ថលេខាលើអតីតប្រធានក្រុម AC Milan កីឡាករ Alessio Romagnoli លើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបអុីតាលី Serie A បានប្រកាសកាលពីថ្ងៃអង្គារ ហើយត្រូវបានសារព័ត៌មាន CNA យកមកចុះផ្សាយកាលពីពុធ ទី១៣ កក្កដា។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអុីតាលីបាននិយាយថា ខ្សែការពារវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ Lazio ក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយ AC Milan បានផុតកំណត់នៅចុងរដូវកាលមុន។

Romagnoli បានបង្ហាញខ្លួន២៤៧ប្រកួត និងស៊ុតបញ្ចូលទីបាន១០គ្រាប់នៅក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល៧ឆ្នាំរបស់គាត់នៅជើងឯក AC Milan ។

AC Milan បានសរសេរនៅលើ Twitter ថា “ប្រធានក្រុមប្រយុទ្ធជាច្រើន ការគោរពរបស់យើងចំពោះ Alessio Romagnoli នៅពេលយើងលាគាត់” ។

កីឡាករ Romagnoli ដែលបានតំណាងឱ្យប្រទេសអុីតាលីចំនួន១២ដងបានចូលរួមជាមួយ AC Milan ពីគូប្រជែងក្នុងស្រុករបស់ Lazio AS Roma ក្នុងឆ្នាំ២០១៥ បន្ទាប់ពីចំណាយពេល១ឆ្នាំលើការខ្ចីជើងនៅ Sampdoria ។

ក្លិប Valencia របស់អេស្ប៉ាញក៏បានប្រកាសផងដែរថា ពួកគេបានចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប Samu Castillejo របស់ AC Milan ម្នាក់ទៀតក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥។

គួររំលឹកថា ក្រុម Lazio បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ដែលធ្វើឱ្យពួកគេទទួលបានកៅអីទៅកាន់ការប្រជែងពានរង្វាន់ Europa League នៅរដូវកាលក្រោយ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖