ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេសបង់ក្លាដែសចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាពនាព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោករដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ។

   លោក អេ ខេ អាប់ឌុល ម៉ូមិន បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដែស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស និងបានជម្រាបជូនសម្ដេចតេជោផងដែរអំពីស្ថានភាពសេដ្ឋកិច្ច ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។  ជាមួយគ្នានោះដែរ លោក អេ ខេ អាប់ឌុល ម៉ូមិន បានជម្រាបជូនសម្ដេចតេជោពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

    ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក អេ ខេ អាប់ឌុល ម៉ូមិន ដែលបានរាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រដ្ឋាភិបាលបង់ក្លាដែសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

   ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម សម្តេចតេជោបានស្នើឱ្យលោករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យអ្នកវិនិយោគបង់ក្លាដែសមកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដែសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖