ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងឃាត់ក្មេងទំនើងចំនួន១០នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ តាមរយៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរីជាអ្នកដឹកនាំសម្របសម្រួលនីតិវិធី កម្លាំងសមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងក្នុងនៅខេត្តរតនគិរី ឈានដល់ឃាត់ខ្លួនជនសង្ស័យនិងរឹបអូសវត្ថុតាងបទល្មើសបានជាច្រើននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង២២និង០៣នាទី ។

    បើតាមការឱ្យដឹងពីលោក វរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា  ការបង្ក្រាបនេះគឺសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានល្បាតក្នុងភូមិសាស្ត្រក្រុងបានលុង ហើយដោយឃើញមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃកម្លាំងយើងបានសុំឆែកឆេរក៏ប្រទះឃើញដាវកែច្នៃ២ដើម និងកាំភ្លើងកែច្នៃ១ដើម ពេលនោះក៏បានធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលនីតិវិធីពីលោកមុត សម្បត្តិ  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ 

    សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ) យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ប្រុសទាំងអស់)។

    ចំណែកសម្ភារចាប់យកមាន៖

-ដាវកែច្នៃចំនួន២ដើម

-កាំភ្លើងកែច្នៃចំនួន១ គ្រាប់កង់និងរំសេវសម្រាប់ប្រើជាមួយកាំភ្លើងកែច្នៃមួយចំនួន 

-ខ្សែកាប្លិ៍ម៉ាស៊ីនកាត់ស្មៅ១

-ចម្ពាមកៅស៊ូចំនួន១

-កាបូបលុយចំនួន១

-ទូរស័ព្ទចំនួន៧គ្រឿង 

-ម៉ូតូចំនួន០៧គ្រឿង

-ខ្សែក្រវាត់ចំនួន៤

-មួកសុវត្ថិភាពចំនួន២

    សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តតាមនីតិវិធី៕ 

ដោយ ៖ សហការី


ចែករំលែក៖