ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលនានានិងសលាកភត្តនៅវត្តឧប្បលរតនារាម (ធម្មយុត្ត)ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមិទ្ធផលជាច្រើនស្ថិតនៅវត្តឧប្បលរតនារាម ហៅវត្ត (ធម្មយុត្ត)ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា ស្ថិតនៅភូមិកៀនសាំង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។

   បើតាមព្រះគ្រូ ពៅ សំអាត ចៅអធិការវត្តឧប្បលរតនារាម ហៅវត្ត (ធម្មយុត្ត)បានមានថេរដីកាឱ្យដឹងថា ព្រះគ្រូក៏ដូចជាព្រះសង្ឃ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជានជិតឆ្ងាយទាំងអស់បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារឰធ្វើពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តមានដូចជា រោងទទួលភ្ញៀវ កុដិ វច្ចកុដិ(បង្គន់) បន្ទប់ទឹក និងរបងជាដើម និងធ្វើសលាកភត្ត(ចាប់ស្លាក)ប្រគេនព្រះសង្ឃចំនួន ៨០ព្រះអង្គ។

   ព្រះគ្រូចៅអធិការមានថេរដីកាបន្តថា កុសលកើតចេញពីបុណ្យនៃការកសាងសមិទ្ធផលនានានិងសលាកភត្តនៅវត្តឧប្បលរតនារាម (ធម្មយុត្ត)ត្រូវបានធ្វើពិធីបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់នាពេលនេះមានតម្លៃធំធេងណាស់ មិនសម្រាប់តែជាតិនេះទេ បុណ្យនេះក៏បានសម្រាប់អនាគតជាតិ គឺលោកខាងមុខផងដែរ ដោយសមិទ្ធផលដែលធ្វើបុណ្យឆ្លង កើតឡើងតាមរយៈបុគ្គលអង្គណាក៏ដោយ គឺមិនមែនជាកម្មសិទ្ធិរបស់សង្ឃអង្គនោះទេ ផ្ទុយមកវិញសមិទ្ធផលទាំងនេះគឺជាគរុ ភ័ណ្ឌរបស់វត្តទាំងមូលដែលត្រូវថែរក្សាទុកសម្រាប់ប្រើប្រាស់និងបម្រើឱ្យវិស័យព្រះពុទ្ធសាសនា។

    ក្នុងឱកាសនោះ ព្រះគ្រូចៅអធិការវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ដើមទានទាំងអស់ដែលបានផ្ដួចផ្ដើមនិងរួមចំណែកដល់ការកសាងសមិទ្ធផលជាច្រើនដល់វត្តឧប្បល រតនារាម ដែលជាការរួមចំណែកដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យស័ក្តិសមជាសាសនារបស់រដ្ឋ និងជាទីឋានសម្រាប់គោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូបផងដែរ។

   ជាចុងបញ្ចប់ព្រះគ្រូ ពៅ សំអាត ចៅអធិការវត្ត បានប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖យឹម សុថាន


ចែករំលែក៖