ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសស្តីពី ការបង្កើត និងដាក់ឱ្យប្រើប្រាស់រូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថានបានរម្លឹក ពីប្រកាស ស្តីពី ការបង្កើត និងការដាក់ឱ្យប្រើប្រាស់រូបសញ្ញាសម្គាល់ ប្រភេទតំបន់ការពារធម្មជាតិ។ 

ក្រសួងបរិស្ថាន សម្រេច : 

ប្រការ១…ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់រូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិ ដូចមានភ្ជាប់ ក្នុងឧបសម្ព័ន្ធ១ នៃប្រកាសនេះ។

ប្រការ២ …ទម្រង់នៃរូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិ ត្រូវបានកំណត់យកទម្រង់ផ្នែកខាងក ដូចគ្នានឹងទម្រង់រូបសញ្ញាសម្គាល់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ប៉ុន្តែផ្នែកខាងក្នុងត្រូវបានកំណត់ សម្គាល់ទៅតាមប្រភេទនិងលក្ខណៈវិនិច្ឆ័យនៃតំបន់ការពារធម្មជាតិនីមួយៗ ដែលបានបរិយាយនិងមាន ខ្លឹមសារ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ២ នៃប្រកាសនេះ។

ប្រការ៣…រូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិត្រូវប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម៖

-ដាក់នៅតាមស្នាក់ការ ស្នាក់ការរង និងតាមតំបន់ការពារធម្មជាតិ ដាក់នៅលើឯកសណ្ឋានរបស់មន្ត្រីឧទ្យានុរក្ស 

-ប្រើប្រាស់ក្នុងករណីផ្សេងៗទៀតដែលចាំបាច់។

ប្រការ៤ …រាល់រូបភាពផ្នែកខាងក្នុងដែលមាននៅក្នុងទម្រង់នៃរូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិ នីមួយៗ ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ១ អាចស្នើសុំធ្វើការផ្លាស់ប្តូរ ទៅតាមតម្រូវការចាំបាច់។ 

ប្រការ៥…នាយកខុទ្ទកាល័យ គ្រប់អគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងបរិស្ថាន ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា, ប្រកាស ស្តីពី ការបង្កើត និងដាក់អោយប្រើប្រាស់រូបសញ្ញាសម្គាល់ប្រភេទតំបន់ការពារធម្មជាតិ របស់ក្រសួងបរិស្ថាន បានចេញតាំងពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖