ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងបរិបទកូវីដ១៩ក៏ដោយក៏ការនាំអង្ករចេញរបស់កម្ពុជាទៅទីផ្សារពិភពលោកនៅរក្សារកំណើនបានយ៉ាងល្អ។ បើតាមទិន្នន័យពីក្រសួងកសិកម្ម កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថារយៈពេល ៦ ខែដើមឆ្នាំ ២០២២ ការនាំចេញអង្ករមានចំនួន ៣២៧ ២០០ តោនកើនឡើង ១៦,៦៧ ភាគរយបើធៀបទៅនឹងឆមាសទី១ ឆ្នាំ ២០២១ ដែលមានចំនួន ២៨០ ៤៥០ តោន។ មានន័យថា ការនាំអង្ករនៅតែមានកំណើនទៅមុខជានិច្ចទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ១៩ ក៏ដោយ។
អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទមានចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។ នៅមានឧបសគ្គមួយចំនួនក្នុងការនាំអង្ករចេញទៅក្រៅប្រទេស យ៉ាងណាក៏ដោយក្រសួងពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ជំរុញការងារនេះអោយមាន ប្រសិទ្ធភាពខ្ពស់បំផុត។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណសរុបចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០% ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៨ ២៨០តោន កើនឡើង១៧,៤៤% ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណសរុបចំនួន ២៨ ៦៨០តោន កើនឡើង ៥,៦៩% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៣១ ៦១៦តោន ថយចុះ២៦,២៨%។
ក្នុងឆមាសទី១ឆ្នាំ២០២២ ការនាំចេញស្រូវមានចំនួន ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេសវៀតណាម កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។
ការនាំចេញស្រូវ-អង្ករ ពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់ជាង ៦១៥ លានដុល្លារ កើនជិត ១០០ លានដុល្លារបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
ក្នុងឆ្នាំ ២០២១ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន ៦១៧ ០៦៩ តោន ថយចុះ ១០,៦៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានបរិមាណ ៦៩០ ៨២៩ តោន៕
ដោយ៖ សូរិយា