ព័ត៌មានទាន់ហេតុការណ៍៖

គ្រូមន្តអាគមម្នាក់ត្រូវក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចចោទប្រកាន់ពីបទរំលោភក្មេងស្រីអនីតិជនពេលយកមកស្រោចទឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រូមន្តអាគមអូមអាមដែលគេស្គាល់ថាជាជនជាតិខ្មែរអ៊ិស្លាម ត្រូវបានក្រុមគ្រួសារកុមារីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួន ក្រោយពីជននេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះដែលជាអនីតិជនក្នុងពេលដែលក្រុមគ្រួសារយកមកឱ្យស្រោចទឹក ព្យាបាលជំងឺ ។ 

     ការឃាត់ខ្លួនគ្រូមន្តអាគមនេះគឺធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះជនសង្ស័យស្ថិតនៅភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង 

  សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី លី ហៅ រ៉ន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកឯកុមារីរងគ្រោះរស់នៅភូមិឃុំជាមួយគ្នា។

     សមត្ថកិច្ចបានឱ្យដឹងទៀតថា តាមរយៈពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ជនរងគ្រោះបានឱ្យដឹងថា  កូនស្រីរបស់គាត់មានអាយុ១៥ឆ្នាំ មានជំងឺប្រចាំកាយ ហើយដោយសារចង់ឱ្យកូនរបស់គាត់ជាពីជំងឺនេះ រូបគាត់ជាម្តាយនឹងស្វាមីបាននាំកូនស្រីដែលជាកុមារីរងគ្រោះយកមកឱ្យជនសង្ស័យជាគ្រូមន្តអាគមស្រោចទឹករយៈពេល៧ថ្ងៃ ដោយនៅថ្ងៃដំបូងគឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ។

  សមត្ថកិច្ចបានឱ្យដឹងទៀថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី ម្តាយជនរងគ្រោះបានយកកូនស្រីទៅឱ្យស្រោចទឹក ពេលដែលស្រោចទឹករួចហើយ កូនស្រីបានបានទៅប្តូរសម្លៀកបំពាក់ក្នុងបន្ទប់របស់ជនសង្ស័យ។ ក្រោយមកជនសង្ស័យបានចូលទៅតាមក្រោយ ដោយមានកាន់ធូបនិងកន្រ្តៃចូលទៅប្រហែលជាកន្លះម៉ោង ទើបចេញមកវិញ រួចម្តាយក៏នាំកូនស្រីទៅផ្ទះវិញ ។  លុះដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រួសាររងគ្រោះបានយកក្មេងស្រីរងគ្រោះមកស្រោចទឹកម្តងទៀត នៅវេលាម៉ោង១៧និង៣០នាទី រហូតដល់ម៉ោង១៩និង៣០នាទី ទើបចេញមកវិញ ក្នុងពេលនោះកូនស្រីបានប្រាប់គាត់ថា  គ្រូស្រោចទឹកនេះបានចាប់រំលោភនាង ចំនួន២លើក។ ដឹងដូចនេះ ក្រុមគ្រួសារកុមារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច និងអាជ្ញាធរ។ 

  ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានហៅជនសង្ស័យមកធ្វើការសាកសួរ។  តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកុមារីរងគ្រោះពិតប្រាកដមែន ក្នុងពេលដែលចូលទៅក្នុងបន្ទប់តែ២នាក់ ។ 

  យោងតាមចម្លើយរបស់ជនសង្ស័យ និង ពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យជាគ្រូមន្តអាគមដើម្បីកសាងសណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖