ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុក្តៅខ្លាំងបង្កឱ្យមានភ្លើងឆេះព្រៃនៅក្នុងតំបន់ជាច្រើននៅអឺរ៉ុប

ចែករំលែក៖

កម្លាំងពន្លត់អគ្គិភ័យរាប់ពាន់នាក់ បានខិតខំទប់ស្កាត់ការរាលដាលនៃភ្លើងឆេះព្រៃ ដែលកើតឡើងនៅក្នុងតំបន់ជាច្រើនក្នុងទ្វីបអឺរ៉ុប ក្នុងនោះមាន អង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ បារាំងជាដើម…។
នៅក្នុងប្រទេសអេស្ប៉ាញ មានអាកាសយានិកម្នាក់ស្លាប់ក្នុងពេលយន្តហោះដឹកទឹកទៅពន្លត់ភ្លើងឆេះព្រៃហើយជួបគ្រោះថ្នាក់ក្នុងតំបន់ Foz Coa ប្រទេសអេស្ប៉ាញ ។ មន្ត្រីអេស្ប៉ាញបានបញ្ជាក់ថា មានមនុស្ស២៣៨នាក់ស្លាប់ ដោយសារតែក្តៅខ្លាំងក្នុងមួយសប្តាហ៍កន្លងមកនេះ។
នៅក្នុងប្រទេសបារាំងវិញក៏មានពលរដ្ឋជាង១២ពាន់នាក់ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។
នៅពេលនេះសារព័ត៌មាន BBC នាថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្សាយថា ចក្រភពអង់គ្លេសនៅថ្ងៃទី២០ខែកក្កដានេះ បានកត់ត្រាសីតុណ្ហភាពក្ដៅក្នុងកម្រិតខ្ពស់ជាង ៤០អង្សាសេជាលើកដំបូងបំផុត ខណៈដែលប្រទេសនេះកំពុង ប្រឈមមុខនឹងការឆេះរាលដាលនៃភ្លើងឆេះព្រៃ។
បើតាមអាជ្ញាធរឧតុនិយមអង់គ្លេសបានបញ្ជាក់ថា សីតុណ្ហភាពបានឡើងដល់ ៤០.៣អង្សាសេនៅឯភូមិ Coningsby ក្នុងតំបន់ Lincolnshire។ ចំណែកឯក្រុមអ្នកពន្លត់អគ្គិភ័យក៏បានប្រកាសអាសន្នផងដែរ ក្រោយភ្លើងព្រៃឆេះរាលដាលគួរឱ្យព្រួយបារម្ភនោះមក។ ភ្លើងឆេះព្រៃធំបំផុតកំពុងបន្តឆាបឆេះក្នុងទីក្រុង Wennington នៃភាគខាងកើតទីក្រុងឡុងដុង ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង។
ក្រៅពីចក្រភពអង់គ្លេស បណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងលិចដូចជា បារាំង ព័រទុយហ្កាល់ ក្រិចនិងអេស្ប៉ាញជាដើមក៏កំពុងប្រឈមមុខនឹងរលកកម្ដៅ និងភ្លើងឆេះព្រៃផងដែរ ដែលអ្នកជំនាញភាគច្រើនយល់ថាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ៕ ដោយ៖ ធីរីណា

 

 

រូប​ថត​ ៖ Getty Images


ចែករំលែក៖