ព័ត៌មានទាន់ហេតុការណ៍៖

សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ អបអរសាទរទំនាក់ទំនងការទូតកម្ពុជា-វៀតណាម លើកទី៥៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារ ហៃយ៉ាត រីយេនស៊ី ភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ៖ ឆ្នាំនេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៥៥ នៃការការបង្កើតទំនាក់ ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម វៀតណាម (២៤ មិថុនា ឆ្នាំ១៩៦៧ – ២៤ មិថុនា ឆ្នាំ២០២២) និងជាឆ្នាំមិត្តភាពកម្ពុជា-វៀត ណាម២០២២។ ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី៥៥នេះ ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើនរួមមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ខេត្ត សមាគមមិត្តភាព ការផ្ញើសារជូនពរនិងអបអរ សាទរទៅវិញទៅមក ការផ្សព្វផ្សាយខ្លឹមសារស្តីអំពីទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។

លោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា -ប្រធានសហព័ន្ធនារីវៀតណាមក៏បានលើក ឡើងអំពីវឌ្ឍនៈភាពរបស់សមាគមនារីដើម្បីសន្តិ ភាព និងអភិវឌ្ឍនសហព័ន្ធនារីវៀតណាម និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងក្នុងសកល លោក ក៏ដូចជា តំបន់ ជាពិសេស ក៏បានរិតបន្តឹងនូវចំណងសាមគ្គីភាពរបស់សមាគមនារីនៃប្រទេសទាំងពីឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍បន្ថែមទៀត 

ភាគីទាំងពីរបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងចំនួន៣រួមមាន៖-កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមឆ្នាំ២០២២-២០២៧។  

-ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតរវាងសមាគមនារីកម្ពុជា – ក្រុមហ៊ុនអ៊ិនត្រាកូ (INTRACO) 

-កិច្ចព្រមព្រៀងសហប្រត្តិការរវាងសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់ កាល ឆ្នាំ២០២២-២០២៧៕

ដោយ ៖ សិលា


ចែករំលែក៖