ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជាមានវិបត្តិអ្វីទេបានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងនៅក្នុងរោងបាយខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង២៣និង៤៥នាទី នៅក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តុង ស៊ីណាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ម្ដាយសពបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំកើតហេតុ វេលាម៉ោង១៣និង០០នាទី ឈ្មោះ តុង ស៊ីណាន ហៅឆ្អឹង ភេទប្រុស បានក្រោកពីដេកក៏អង្គុយហូបបាយជាមួយក្រុមគ្រួសារ រួចក៏បានដើរទៅកន្លែងធ្វើការជាមួយពូថ្លៃនៅផ្ទះឈ្មោះនូ ម៉ាឡៃ នៅក្នុងភូមិជាមួយគ្នាដើម្បីផ្សារដំបូលសំយាបផ្ទះ ដែលការងារនេះពួកគេធ្វើរហូតដល់ម៉ោង១៧និង០០នាទីទើបចេញពីធ្វើការដើរមកផ្ទះវិញ ហើយក៏ហូបបាយល្ងាចជាមួយក្រុមគ្រួសារ។ ក្រោយពីហូបបាយរួច ឈ្មោះ តុង ស៊ីណាន ហៅឆ្អឹង តែងតែដើរទៅផឹកស្រាជាមួយមិត្តភក្ដិជាប្រចាំ រហូតទាល់តែស្រវឹងទើបចូលផ្ទះវិញ ។ លុះមកដល់ម៉ោង២៣និង៤៧នាទី ឈ្មោះ តុង ស៊ីណាន ហៅឆ្អឹង បានឆាតជាសឡេងមកបងប្រុសឈ្មោះតុង មេសា (បងបង្កើត)ធ្វើការនៅភ្នំពេញថា: បើមានជាតិក្រោយយើងជួបគ្នាទៀត។ បន្ទាប់ពីឮសូរប្អូនប្រុសឆាតនិយាយបែបនេះឈ្មោះមេសាក៏បានទំនាក់ទំនងតាមទូរស័ព្ទមកអ្នកផ្ទះដើម្បីឱ្យទៅមើលឈ្មោះតុង ស៊ីណាន ហៅឆ្អឹងដែលដេកនៅផ្ទះបាយខាងក្រោយផ្ទះ។ ពេលក្រុមគ្រួសារទៅដល់កន្លែងកើតហេតុក៏ឃើញឈ្មោះតុង ស៊ីណាន ហៅឆ្អឹងធ្វើអត្តឃាត (ចងក)នឹងខ្សែភ្លើងនៅជាប់ននងផ្ទះបាយ។ ឃើញដូច្នេះក្រុមគ្រួសារក៏នាំគ្នាកាត់ខ្សែភ្លើងដែលចងកទម្លាក់សពចុះមុនពេលសមត្ថិកិច្ចមកដល់ រួចបានរាយការណ៍ទៅសមត្ថកិចប៉ុស្តិ៍គគីរ។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍គគីរ សហការជាមួយកម្លាំងផ្នែកកោសល្យវិច័យ រួមជាមួយអាជ្ញាធរភូមិ-ឃុំ គ្រូពេទ្យមណ្ឌលសុខភាពឃុំគគីរចុះទៅធ្វើការពិនិត្យសពជនរងគ្រោះ។
ការពិនិត្យសាកសព នៅលេីដងខ្លួន ជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡេីយ។ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
ក្រោយពីពិនិត្យរួចរាល់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស្អាង ជ័យ