ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល ៖ គ្មានករណីបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជិតកំពង់ចម្លងអរិយក្សត្សដូចគេហទំព័រសារព័ត៌មាន KSRP News ផ្សាយទេ !

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន KSRP News ដែលបានចុះផ្សាយថា មានទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជិតកំពង់ចម្លងអរិយក្សត្រ នៅតែផ្គើនបើកលេងក្រោយពេលសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកិច្ចសន្យាចំពោះទីតាំងល្បែងស៊ីសងផ្សេងៗក្នុងឃុំអរិយក្សត្រមិនទាន់បានប៉ុន្មានផង!!!។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកវរសេនីយ៍ទោ មួង រដ្ឋា អធិការនគរបាលស្រុកល្វាឯម ស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី លោកអធិការ បានដឹកនាំបញ្ជាឱ្យកម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ចុះទៅដល់ទីតាំងដែលថាមានលួចបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញឃើញថា ទីតាំងនោះសមត្ថកិច្ចជំនាញធ្លាប់បានចុះទៅត្រួតពិនិត្យម្ដងរួចមកហើយ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងពេលនោះមិនឃើញមានលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដូចសារព័ត៌មានចុះផ្សាយនោះទេមានតែសម្ភារៈតែប៉ុណ្ណោះ។ ផ្នែកជំនាញក៏បានធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងនោះមិនឱ្យលួចលេងល្បែងស៊ីសងលើកទីមួយម្ដងរួចមកហើយ។

ក្រោយពីសារព័ត៌មាន KSRP News បានចុះផ្សាយថានៅមានលួចលេងម្ដងទៀតនោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលអរិយក្សត្រ ចុះទៅដល់ទីតាំងនោះដដែលតែមិនមានដូចការចុះផ្សាយឡើយ គឺទីតាំងនោះបានបិទទ្វារមិនមានការបើកលេងនោះទេ។

ចំពោះទីតាំងនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តល្បាតឃ្លាំងមើលជាប្រចាំ ប្រសិនឃើញមានការបើកលួចលាក់លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ និងធ្វើការបង្រ្កាបចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សហការី


ចែករំលែក៖