ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលា ការ រឿងស៊ីដាច់លុយគេជាង១២ ម៉ឺនដុល្លារ សង់ផ្សារបំណក់

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនអគ្គនា យកក្រុមហ៊ុនអចលនទ្រព្យម្នាក់ បញ្ជូនទៅតុលាការពីបទ.រំលោភលើទំនុកចិត្ត.រឿងស៊ីដាច់ប្រាក់គេជាង១២ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធករណីម៉ៅការសាងសង់ផ្សារបំណក់ ខេត្តពោធិ៍សាត់ 

ជនសង្ស័យឈ្មោះ ប្រសើ ប៉ាត់តារី អាយុ៣៨ ឆ្នាំ មុខរបរ ជាអគ្គ នាយកក្រុមហ៊ុន ប៉ាត់ តារី អចលនទ្រព្យ រកស៊ីទិញ.លក់ដីនិងសាងសង់លំនៅដ្ឋាន មានទីលំនៅភូមិ១ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

ការចាប់ខ្លួនអគ្គនាយកក្រុមហ៊ុនរូបនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិ១ខ សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានអតិថិជនឈ្មោះ ម៉ាន់ យូស៊ុល ភេទប្រុស អាយុ៤៧ ឆ្នាំ បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលម៉ៅការសាងសង់ផ្ទះល្វែង និងផ្សារ ពីឈ្មោះ ប្រសើ ប៉ាត់តារី អគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី ដែលមានទីតាំងស្ថិតនៅផ្សារបំណក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាងមួយលានដុល្លារអាមេរិក ។ 

ក្រោយពីធ្វើកិច្ចសន្យារួចហើយឈ្មោះ ម៉ាន់ យូស៊ុល បានកម្ម៉ង់ទិញសម្ភារៈសំណង់ដាក់ចូលការដ្ឋាន ដើម្បីសាងសង់ដោយត្រូវចំណាយទឹកប្រាក់ផ្ទាល់ខ្លួនអស់ចំនួន ១២៥.៣៦៩ ដុល្លារអាមេរិក និងប្រាក់ទិញឧបករណ៍ផ្សេងៗ ៧.៥០០ ដុល្លារទៀត ។ បន្ទាប់មកឈ្មោះ ម៉ាន់ យូស៊ុល ចាប់ផ្តើមសាងសង់ផ្ទះល្វែងបានមួយរយៈ ស្រាប់តែឈ្មោះ ប្រសើ បាត់តារី មានបញ្ហាទំនាស់គ្នាជាមួយម្ចាស់ដី ហើយបានឲ្យឈ្មោះ ម៉ាន់ យូស៊ុល ផ្អាកការសាងសង់ ដោយប្រើល្បិចកលទុច្ចរិត យល់ព្រមទូរទាត់ប្រាក់ដែលម៉ាន់ យូស៊ុល ចំណាយអស់ប៉ុន្មានឲ្យគ្រប់ចំនួនវិញ ។ 

ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះឈ្មោះ ប្រសើ ប៉ាត់តារី មិនបានទូទាត់ប្រាក់នោះឲ្យទៅឈ្មោះ ម៉ាន់ យូស៊ុល ទេ ទើប ម៉ាន់ យូស៊ុល ដាក់ពាក្យប្តឹងឲ្យសមត្តកិច្ចចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន ប៉ាត់តារី នាំទៅអនុវត្តតាមផ្លូវច្បាប់ ។

ដូច្នេះអគ្គនាយកក្រុមហ៊ុនមួយនេះ បើគ្មានប្រាក់ដាក់តម្កល់ធានាខ្លួន ទំនងមិនអាចមានវាសនាបានត្រឡប់ទៅផ្ទះវិញឡើយ លុយច្រើនណាស់ជាង១២ ម៉ឺនដុល្លារអាមេរិក រកឯណាទាន់ ៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖