ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅយប់ថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធីក្រោយរកឃើញថាមិនមានអនុលោមភាព។
ការចាត់វិធានការច្បាប់គឺធ្វើឡើងខណៈពេលដែលមន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ នាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។
តាមលទ្ធផលត្រួតពិនិត្យរបស់មន្រ្តីជំនាញ គឺបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ និងដេប៉ូចំនួន ២០ទីតាំងដែលបានត្រួតពិនិត្យសរុប៕
ដោយ៖សហការី