ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវមន្រ្តីជំនាញ ក.ប.ប. ចាត់វិធានការតាមនីតិវិធីក្រោយពិនិត្យឃើញមិនមានអនុលោមភាព

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅយប់ថ្ងៃ​សុក្រ​ទី​២៩​ ខែកក្កដា ឆ្នាំ​២០២២នេះថា​៖​​ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធីក្រោយរកឃើញថាមិនមានអនុលោមភាព។ 

ការចាត់វិធានការច្បាប់គឺធ្វើឡើងខណៈពេលដែលមន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ នាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។

តាមលទ្ធផលត្រួតពិនិត្យរបស់មន្រ្តីជំនាញ គឺបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ​ និងដេប៉ូចំនួន ២០ទីតាំងដែលបានត្រួតពិនិត្យសរុប៕

ដោយ​៖សហការី​


ចែករំលែក៖