ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី នាងកញ្ញា អង្គភាព ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន និងសាធារណជន ជ្រាបថា ក្រោមក្របខណ្ឌនៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់ យុវជននៅកម្ពុជា ដំណាក់កាលទី២ (DEY II) ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាអនុវត្តរួមគ្នា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវា យុវជនអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បី (១) រំលឹកដល់ទិវាយុវជនអន្តរជាតិឆ្នាំ២០២២ (២) លើកកម្ពស់ចំណាប់អារម្មណ៍ និងការយក ចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធសំខាន់ៗ (រាជរដ្ឋាភិបាល/អ្នកបង្កើតគោលនយោបាយ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង ម្ចាស់ជំនួយជាតិ និងអន្តរជាតិ) ក្នុងការគាំទ្រ សម្របសម្រួល និងបង្កើតការងារសមរម្យ និងបរិយាប័ន្នសម្រាប់យុវជនមាន ពិការភាព។ ក្នុងព្រឹត្តិការណ៍នេះ ក្រសួងនឹងគ្រោងរៀបចំអ្នកជិះកង់ចំនួន ៣០០នាក់ ដោយអ្នកចូលរួមត្រូវប្រើប្រាស់ មធ្យោបាយ (កង់) ផ្ទាល់ខ្លួន ហើយត្រូវជួបជុំគ្នាវេលាម៉ោង ៥:០០នាទី ព្រឹក នៅខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានចម្ងាយផ្លូវប្រវែង ២០គីឡូម៉ែត្រ និង ៣៥គីឡូម៉ែត្រ សម្រាប់សាធារណជនទូទៅ និងចម្ងាយ ផ្លូវប្រវែង ១គីឡូម៉ែត្រ សម្រាប់ជនមានពិការភាព។ (សូមជូនភ្ជាប់ឧបសម្ព័ន្ធ)
ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួម សូមទំនាក់ទំនងមកកាន់ក្រុមការងារសម្របសម្រួលកម្មវិធីតាមរយៈ លេខទូរសព្ទ ០១២ ៤២៨ ៣៤៥/០១៧ ៧៤៧ ៧៧៣/០១៧ ៣៦៣ ៩៣៦/០១២ ៣០៦ ៨៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា អង្គភាព ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម ក្រុមហ៊ុនឯកជន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ៕
ដោយ ៖ សិលា