ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញ ញត្តិគាំទ្រ យ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ញត្តិគាំទ្រ បានបញ្ជាក់ថា, យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកាក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ មានសេចក្ដីសោមនស្សរីករាយយ៉ាង ក្រៃលែង និងសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័តតាមសម្លេងលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូល លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំជាតិមាតុភូមិស្របតាម រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ហើយការស្នើសុំធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះទៀតសោត គឺជា ការបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ជាពិសេស ការធានាឱ្យស្ថាប័នរដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង នឹងប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ ព្រមទាំងបានធ្វើឡើងស្របតាមគោលការណ៍នៃមាត្រា ១៥៤ ថ្មី (ពីរ មាត្រា ១៥២ ថ្ងៃ) និងមាត្រា ១៥៥ ថ្មី (ពីរ មាត្រា ១៥៣ ថ្មី) នៃរដ្ឋធម្មនុញ្ញ ពោលគឺ មិនបានធ្វើឡើងនៅពេលដែលប្រទេសជាតិឋិតក្នុងភាពអាសន្ន និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ដូចការបកស្រាយដោយគ្មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ របស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ជនអគតិជ្រុលនិយមមួយក្ដាប់តូច ឬ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះការអនុម័តរបស់រដ្ឋសភាលើសេចក្តីព្រាងច្បាប់ ធម្មនុញ្ញនេះ និងសូមយកឱកាសនេះ សម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ធានាការពារ ថែរក្សា “សន្តិភាព” ដោយមិនអនុញ្ញាតឱ្យ កម្លាំងអមិត្តណាមួយមកធ្វើឱ្យប៉ះពាល់ដល់ “សន្តិភាព” និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ ទោះក្នុង តម្លៃណាក៏ដោយ ហើយសូមអំពាវនាវដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល ជនអគតិជ្រុលនិយមមួយក្ដាប់តូច ឬ ប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួន សូមសិក្សា និងស្វែងយល់ពីខ្លឹមសារ និងគោលបំណងនៃការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ ឱ្យបានច្បាស់លាស់ នឹងមានមូលដ្ឋានត្រឹមត្រូវ ចៀសវាងបកស្រាយបំផ្លើស ខុសពីស្មារតី និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ហើយយកទៅផ្សព្វផ្សាយបង្កឱ្យ មានការភ័ន្តច្រលំដល់សាធារណជនជាតិ និងអន្តរជាតិ និងបំពានយ៉ាងធ្ងន់ធ្ងរលើសមត្ថកិច្ចរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ៕
ដោយ ៖ សុខ ខេមរា