ខេត្តកំពង់ធំ ៖ ហេតុតែកូននឹកម្តាយរស់នៅបែកឆ្ងាយពីគ្នា ទើបក្មេងស្រីឈ្មោះពៅ សុគា រស់នៅភូមិតាតួ ឃុំគោកក្រោមស្រុកជីក្រែង ខេត្តសៀមរាប បានដើររកម្តាយធ្វើឱ្យវង្វេងតាំងពីស្រុកជីក្រែង ខេត្តសៀមរាប មកដល់ដាវដែក(ថ្នល់បែក)ផ្លូវបំបែកសៀមរាប-ព្រះវិហារ ស្ថិតក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពពីលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយបានឱ្យដឹងថា កូនរស់នៅឯស្រុកកំណើត រីឯម្តាយមករកស៊ីនៅភូមិអន្លង់ជួរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្មេងស្រីរូបនេះដោយក្តីនឹករលឹកម្តាយខ្លាំងពេកបានលួចចេញពីផ្ទះដើម្បីដើររកម្តាយដោយពុំដឹងថាម្តាយរស់នៅទីណាផង គឺគ្រាន់តែដឹងថាប្រហែលជារស់នៅស្រុកស្ទោងប៉ុណ្ណោះត្រូវវង្វេងមកដល់ស្រុកកំពង់ស្វាយ ហើយសមត្ថកិច្ចបានឃាត់ទុកដើម្បីផ្សព្វផ្សាយរកឪពុកម្តាយឱ្យមកយកកូនស្រីនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយបានផ្តល់ដំណឹងដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ក្មេងស្រីឱ្យបានដឹងដំណឹង ហើយនៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានប្រគល់ក្មេងជូនអាណាព្យាបាលវិញ ដែលនៅពេលនោះអធិការនគរបាលនិងនាយប៉ុស្តិ៍កំពង់ស្វាយបានជូនថវិកាមួយចំនួនទៅឱ្យក្មេងស្រីទុកជានិស្ស័យផងដែរ។
ក្រុមគ្រួសារនិងសាច់ញាតិក្មេងស្រីបានថ្លែងអំណរគុណដល់លោកអធិការនគរបាលស្រុកកំពង់ស្វាយដែលបានយកចិត្តទុកដាក់ដល់កូនស្រីរបស់ខ្លួនដែលដើរវង្វេងផ្លូវ និងជូនពរដល់ក្រុមការងារជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សហការីកំពង់ធំ