ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រធានរដ្ឋសភាជួបពិភាក្សាការងារជាមួយប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារមួយចំនួនជាមួយលោកស្រី ង្វៀន ធីថាញ់ ប្រធាន​សមាគម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ខណៈ​កិច្ច​ជំនួ​ប​នេះ​បាន​លើក​ឡើង​អំពីវឌ្ឍនភាព នៃទំនាក់ទំនងកាន់តែល្អប្រសើរវាងកម្ពុជា និងវៀតណាម។

លោកស្រី ង្វៀន ធីថាញ់ ចូលរួមអបអរសារទរ​ចំពោះ​ការ​អភិវឌ្ឍ​ឥត​ឈរ​របស់​កម្ពុជា​លើគ្រប់វិស័យ ទោះបីនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩យ៉ាងណា​ក្តី​។ លោកកស្រី​បាន​លើកឡើងទៀតថា វៀតណាមមិនខុសពី​កម្ពុជា និង​បណ្តា​ប្រទេស​នានាទូ​ទំាង​ពិភ​ពលោកនោះទេ បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាបក្ស រដ្ឋ និងប្រជាជនវៀតណាម បានខិតខំប្រយុទ្ធប្រឆំាងជំងឺនេះនៅក្នុងការស្តារសេដ្ឋកិច្ចនិងសង្គមវៀតណាមឡើងវិញ ដែលជាលទ្ធផលនៅឆ្នាំ២០២១ ស្ថានភាពGDP របស់វៀតណាមមានកំណើតចំនួន៣% ហើយនៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ កើនបាន៧%។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីង្វៀន ធីថាញ់ នាពេលនេះ ស្របពេលដែលអង្គភាព និងស្ថាប័នផេ្សងៗនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើកម្មវិធីផ្សេងៗ ក្នុងការអបអរសាទរខួបទី៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។សម្តេចបានគូសបញ្ជាក់ថា សមាគមមិត្តភាពវៀតណាម-កម្ពុជា ជាតួអង្គដ៏មានសារៈសំខាន់មួយ នៃការរួមចំ ណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរអោយកាន់តែរឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស។ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្សកម្មុយនីស្តវៀតណាម ប្រជាជនវៀតណាម នឹងបន្តទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍប្រទេសជាតិ កាន់តែរុងរឿងថែមទៀត ហើយកិត្យានុភាព ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកសកម្មភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗ ក្រៅពីសង្គម និងមនុស្សធម៌ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖