ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពមួយចំនួនរបស់ ស.ស.យ.ក. ទូទាំងប្រទេស

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២២​ លោក សៀ សុខុម អនុប្រធានស. ស.យ.កខេត្តរួមជាមួយក្រុមការងារយុវជន ស.ស.យ.កមូលដ្ខាននៃខេត្តប៉ៃលិននិងលោកមេភូមិ ក្នុង​នាម​លោកស្រី បានស្រីមុំ ប្រធាន​ស.ស.យ.កខេត្ត  បាន​នាំ​យកស្បៀងអាហាជា​គ្រឿង​ឧបភោគ​ បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ ចុះ​សួរ​សុខទុក្ខ​គ្រួសារលោកយាយ គង់ គុណអាយុ ៧៤ឆ្នាំ រស់នៅម្នាក់ឯងគ្មានទីពឹងដែល​មាន​ជីវភាព​ក្រីក្រ​លំបាក ស្ថិត​នៅ​ភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

-វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោក រុន វិសិទ្ធិ អនុប្រធាន ស.ស.យ.ក. វិស័យកសិកម្ម និងជាប្រធានលេខាធិការដ្ឋាន ស.ស.យ.ក. វិស័យកសិកម្ម បានដឹកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពី ការពិនិត្យ និងពិភាក្សាលើការងារការរៀបចំ និងប្រព្រឹត្តទៅរបស់ផែនចំណុះផ្នែកផែនការ គណនេយ្យ និងសហប្រតិបត្តិការចំណុះលេខាធិការដ្ឋាន ស.ស.យ.ក. វិស័យកសិកម្ម និងពង្រឹងការដឹកនាំនិងគ្រប់គ្រងលើការងាររបស់ផ្នែកផែនការ គណនេយ្យ និងសហប្រតិបត្តិការ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី និងអ្នកនាងកញ្ញា   ជាអនុប្រធាន និងសមាជិក លេខាធិការដ្ឋាន ស.ស.យ.ក. វិស័យកសិកម្ម និងលោក លោកស្រី និងអ្នកនាងកញ្ញា  ជាប្រធាន អនុប្រធាន និងសមាជិកផ្នែកផែនការ គណនេយ្យ និងសហប្រតិបត្តិការ។

-រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារផ្នែកយុវជន ​នៃកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងលើកទិសដៅអនុវត្តការងារបន្ត និងពង្រឹងរចនាសម្ព័ន្ធ ក្នុងស្មារតីសាមគ្គីភាព ភាតរភាព។

-ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារ ស.ស.យ.ក. ខេត្តបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ស.ស.យ.ក.ខេត្តបាត់ដំបង ប្រចាំឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ និងថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក.ទាំង១៤ក្រុង-ស្រុក ជាអ្នកសង្កេតការណ៍ជាតិក្នុងយុទ្ធនាការ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) នៅទីស្នាក់ការ ស.ស.យ.ក.ខេត្តបាត់ដំបង និងតាមប្រព័ន្ធ Zoom។

-ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានៃក្រុមការងារយុវជនសសយកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានចូលរួមជាមួយសហគមន៍មូលដ្ឋានដាំកូនឈើនៅតាមផ្លូវលំ វត្តអារាម និងសាលារៀននៅក្នុងឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

-ខេត្តកំពង់ចាម៖  កាលពីថ្ងៃទី៣០  ខែកក្កដា ឆ្នាំ ២០២២ លោក ផុន មករាឌី អនុប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម និងលោក រ៉ាត់ ពិសាក់ ប្រធាន ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានបង្ហាត់បង្រៀនរបាំ និងក្បាច់រាំប្រពៃណីជាតិដល់សិស្សានុសិស្សនៅវិទ្យាល័យសម្តេច ជួន ណាត ស្រុកកំពង់សៀម និងនៅមណ្ឌលកុមារកំព្រាខេត្ត បានបង្ហាត់បង្រៀនរាំរបាំ បង្ហាត់បាល់ទាត់ ព្រមទាំងចែកភេសជ្ជៈដល់កុមារកំព្រាផងដែរ ។

-ខេត្តកំពង់ស្ពឺ៖ យុវជនស្ម័គ្រចិត្តវិទ្យាល័យកំពង់ស្ពឺ​ ចូលរួមសម្របសម្រួលការធ្វេីតេស្តស្តង់ដារប្រចាំខែកក្កដា​ ដែលប្រព្រឹត្តិទៅរយះពេល៦ថ្ងៃគឺចាប់ពីថ្ងៃទី២៥ដល់៣០​ ខែកក្កដា​ ឆ្នាំ២០២២​ ដោយចែកជាបីក្រុម​ មួយក្រុម​ ក្រុមទី១សម្របសម្រួលថ្ងៃទី២៥.២៦ ក្រុមទី២សម្របសម្រួលថ្ងៃទី២៧.២៨​ និងក្រុមទី៣សម្របសម្រួលថ្ងៃទី២៩.៣០​ ខែកក្កដា​ ឆ្នាំ២០២២​ ។ ក្នុងមួយក្រុមៗមានអ្នកចូលរួម៦០នាក់។ 

-ខេត្តសៀមរាប៖ កាលពី ថ្ងៃទី​ ២៩ខែ កក្ដដា ឆ្នាំ​២០២២​ ប្អូនៗស.ស.យ.ក.វិទ្យាល័យ តាអី ព្រមទាំងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យ បានចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ ផ្សារ និងសាលារៀន ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។

-ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពរបស់ក្រុមហ៊ុន កូកាកូឡាកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីលោក ណារ៉ា ចម្រើន នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ AquaSan នៅអនុវិទ្យាល័យ ព្រះសីហនុក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

ដោយ ៖ សិលា


ចែករំលែក៖