ករណីស្លាប់ដំបូងបង្អស់ដោយជំងឺអុតស្វានៅក្នុងតំបន់អាស៊ីគឺបានកើតឡើងទៅលើបុរសវ័យ២២ឆ្នាំជនជាតិឥណ្ឌា ក្រោយធ្វើតេស្តរកឃើញមានជំងឺអុតស្វា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសអារ៉ាប់រួមវិញ។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់ការប្រកាសរបស់មន្ត្រីសុខាភិបាលក្នុងរដ្ឋ Kerela ដែល បានឱ្យដឹងថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី៣០ខែកក្កដា ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់អាយុ២១ឆ្នាំ ក៏ត្រូវបានធ្វើចត្តាឡីស័កដែរ ។
បុរសដែលស្លាប់ដោយជំងឺអុតស្វា បានមកដល់រដ្ឋ Kerela នៅថ្ងៃទី ២១ខែកក្កដា ហើយបានទៅកាន់មន្ទីរពេទ្យនាថ្ងៃទី២៦ខែកក្កដា ក្រោយពីមានអាការអស់កម្លាំង ក្តៅខ្លួន ។ មន្ត្រីក្នុងតំបន់ក៏បានប្រកាសថា ពលរដ្ឋមិនត្រូវភ័យខ្លាចអំពីករណីនេះឡើយ ។
មន្ត្រីសុខាភិបាលរដ្ឋ Kerela លោកស្រី Veena George បានឱ្យដឹងថា គ្រួសារជនរងគ្រោះបានប្រាប់ដល់មន្ត្រីក្នុងតំបន់ពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ពេលជនរងគ្រោះវិលត្រឡប់មកពីប្រទេសអារ៉ាប់រួមវិញ។
ក្នុងពេលនេះដែរក្រសួងសុខាភិបាលឥណ្ឌាមិនទាន់វិភាគអ្វីជុំវិញករណីស្លាប់ដោយជំងឺអុតស្វានេះនៅឡើយទេ ដែលជាករណីស្លាប់លើកដំបូងក្នុងប្រទេសឥណ្ឌានិងតំបន់អាស៊ីទាំងមូល៕
ដោយ៖ ធីរីណា(រូបថត ៖ Independent)