ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង​ នឹងបន្តធ្វើការរៀបចំសោភ័ណភាពក្រុងបាត់ដំបងជាជំហានៗ​ នាពេលបន្តបន្ទាប់ទៀត

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សោភ័ណភាពនៃតំបន់អភិរក្សក្រុងបាត់ដំបង មកទល់នឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ចាប់ផ្ដើមលេចចេញនូវរូបរាងជាបណ្ដើរៗហើយ ក្រោយពីមានការសហការចូលរួមពីប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលក្រុងបាត់ដំបង ក្នុងការកាត់សំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ដែលបិតបាំងអគារបុរាណដែលមានអាយុកាលរាប់សិបទស្សវត្សន៍មកនេះ ។ 

គួរបញ្ជាក់ផងដែរថា ការរៀបចំរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មទាំងអស់នេះ និងធ្វើការកែសម្រួលជំនួសមកនូវសំយ៉ាបផ្ទះ និងផ្ទាំងពាណិជ្ជកម្មទៅតាមគោលការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងដែលបានកំណត់ ។ រដ្ឋបាលខេត្តបាត់ដំបងនឹងបន្តធ្វើការរៀបចំសោភ័ណភាពក្រុងបាត់ដំបងជាជំហានៗនាពេលបន្តបន្ទាប់ទៀត ។ 

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សទាំងអស់ ចំពោះស្មារតីចូលរួមចំណែកក្នុងការរុះរើសំយ៉ាបផ្ទះ ផ្ទាំងប៉ាណូពាណិជ្ជកម្មធំ ដើម្បីត្រៀមទទួលយកប្លង់មេរួមមួយតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យទីក្រុងបាត់ដំបងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងអាចស្រូបទាញនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា រូបរាងពេញលេញនូវអគារបុរាណដែលបន្សល់ទុកពីសម័យអាណានិគមនិយមបារាំង និងដើម្បីប្រកួតប្រជែងជាទីក្រុងស្អាតអាស៊ានផងដែរ ៕

ដោយ​៖សហការី​


ចែករំលែក៖