ខេត្តបាត់ដំបង ៖ នៅថ្ងៃអង្គារ ៥ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម-ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ និងបើកវគ្គពង្រឹងវរសេនាតូចលេខ៥២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២។
អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិងពលទាហាន កងពលតូចថ្មើរជើងលេខ៥២ ។
សូមបញ្ជាក់ផងដែរថា របាយការណ៍បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម-ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ មានសិក្ខាកាម ចំនួន ១០០នាក់ មកពីបណ្តាអង្គភាព ទីបញ្ជាការកងពល វរសេនាតូចលេខ៥២១-៥២២-៥២៣-៥២៤ ដែលមានរយៈពេល ចំនួន ៩៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
លទ្ធផលបញ្ចប់វគ្គហ្វឹកហ្វឺន ក្រោយពេលបានបញ្ចប់ការងារហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ៩៥ថ្ងៃ ក្រុមការងារបានវាយតម្លៃបូកសរុបលទ្ធផល មានដូចខាងក្រោម ៖
– និទ្ទេសល្អ ចំនួន ៣៦នាក់ = ៣៦%
– និទ្ទេសបង្គួរ ចំនួន ៥១នាក់ = ៥១%
– និទ្ទេសមធ្យម ចំនួន ១៣នាក់ = ១៣%
និងបើកវគ្គហ្វឹកហ្វឺន វគ្គពង្រឹងវរសេនាតូចលេខ៥២៣ មានសិក្ខាកាម ចំនួន ១០០នាក់ មកពីអង្គភាពចំណុះមាន៖ ទីបញ្ជាការកងពល វរសេនាតូចលេខ ៥២១-៥២២-៥២៣-៥២៤ មានរយៈពេលសិក្សា ចំនួន ៦៤ថ្ងៃ។
មានមតិសំណេះសំណាលក្នុងឱកាសនេះ លោក ឯក សំអូន បានលើកឡើងថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដេីម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។ ត្រូវចូលរួមថែរក្សាសុខសន្តិភាព មិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមកបំផ្លាញសុខសន្តិភាពបានឡើយ ត្រូវរក្សាសាមគ្គីភាព និងស្មោះត្រង់ជានិច្ចជាមួយប្រមុខរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាលគ្រប់ពេលវេលា យើងមានសន្តិភាពមកដល់ពេលនេះដោយការសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីកការងារការកសាងធនធានមនុស្ស និងការកសាងអង្គភាពរបស់ខ្លួន និងចូលរួមគាំទ្របេក្ខភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ជារៀងរហូត និងគាំទ្រសេចក្តីសម្រេចជាឯកច្ឆន្ទជ្រើសតាំង លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានាយករដ្ឋមន្ត្រីនាពេលអនាគត។
លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។
លោកបានក្រើនរំលឹកដល់សិក្ខាកាមដែលបានបញ្ចប់វគ្គនិងបើកវគ្គនៅក្នុងថ្ងៃនេះត្រូវបន្តការយកចិត្តទុកដាក់អនុវត្តឲ្យបានតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាចុងបញ្ចប់ លោក ឧត្តមសេនីយ៍ឯក បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងប័ណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបើកនិងបិទវគ្គ ចំនួន ២.០០០.០០០រៀល និងប្រកាសបិទវគ្គនិងបើកវគ្គចាប់ពីពេលនេះតទៅ៕
ដោយ ៖ សិលា