ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ពុលស្លាប់ ដោយសារបរិភោគសត្វល្អិតមួយប្រភេទ មិនអាចស្រោចស្រង់ជីវិតបាន

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដោយសេចក្តីស្រេកឃ្លានហូបរបស់ផ្តេសផ្តាសហូបសត្វល្អិតមួយប្រភេទ បណ្ដាលឲ្យពុលមិនអាចស្រោចស្រង់ជីវិតបាន។ បុរសនោះឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចម្ការ បានស្លាប់បាត់បង់ជីវិត ដោយសារពុលអាហារ ក្រោយពីបរិភោគសត្វល្អិតម្យ៉ាង ដែលត្រូវបានគេស្គាល់ថា ខ្ញុងខ្មៅក្រហម ឬពព្លះក្រហមខ្មៅ ។

      ហេតុការណ៍នេះបានកើតឡើង នៅភូមិអូរខ្សង់​ ឃុំសាគ្រាម​ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បើតាមការរៀបរាប់ ពីក្រុមសាច់ញាតិបានឲ្យដឹងថា ដំបូងឡើយបុរសខាងលើ ត្រូវជាកូនបានឃើញគេដាក់លក់សត្វនេះ ដោយគិតថាមិនអី គាត់ក៏បានទិញវាយកមកលាងទឹក រួចក៏ចម្អិនហូបក្រោយលីងវាឆ្អិន។ ស្ត្រីជាម្តាយបានសាកល្បងហូបចូលមាត់បន្តិចក៏ខ្ជាក់ចេញវិញ ដោយស្រែកថា ល្វីងណាស់ ចំណែកបុរសជាកូនប្រុស បានបន្តហូបសត្វនេះធម្មតា។ 

      បន្ទាប់ពីហូបសត្វនេះរួចបុរសខាងលើបានចាប់ផ្តើមមានអាការៈមិនស្រួលខ្លួន រាគផង ក្អួតផង ដោយគិតស្មានថាមិនអី រូបគាត់មិនបានទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេលនោះទេ ពោលគឺបន្តប្រើថ្នាំព្យាបាលនៅផ្ទះអស់រយៈពេលប្រហែលពីរថ្ងៃ។ ក្រោយមកសភាពជំងឺហាក់មិនថយសោះ ដោយវាកាន់តែធ្ងន់ធ្ងរទៅ ឃើញដូច្នេះសាច់ញាតិក៏សម្រេចដឹករូបគាត់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់វិញថា ហួសពេលហើយ គ្រឿងក្នុងសំខាន់ៗរបស់គាត់ត្រូវបានជាតិពុលបំផ្លាញអស់ហើយ ។

     ឮដូច្នេះក្រុមសាច់ញាតិ ក៏បានសម្រេចដឹកបញ្ជូនគាត់មកផ្ទះទាំងសោកស្តាយជាពន់ពេក ទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

     គួរបញ្ជាក់ថា បើតាមអ្នកស្រុក សត្វល្អិតប្រភេទនេះមានឈ្មោះវាថា ខ្ញុងខ្មៅក្រហម ឬពព្លះខ្មៅក្រហម ។ សត្វល្អិត​​ប្រភេទនេះ វាមានរូបរាងតូចទម្ងន់ប្រហែល៤ ទៅ ៦ក្រាម​ ។ វាស្ថិតនៅក្នុងចំណោមសត្វល្អិត ដែលមិនអាចយកមកបរិភោគបានទេ បើទោះបីជាបានចម្អិនរួចហើយក៏ដោយ ។ មនុស្ស​ ឬសត្វ បរិភោគសត្វល្អិតប្រភេទនេះ នឹងត្រូវទទួលរងការខូច​ខាត​ធ្ងន់ធ្ងរ​ដល់​គ្រឿងក្នុងសំខាន់ដូចជា ក្រពះពោះវៀន, ក្រលៀន និងផ្លូវ​បង្ហួរនោម  ព្រោះដោយសារសត្វល្អិតនេះ វាមានផ្ទុកកំហាប់ដ៏ច្រើននៃសារធាតុ ដែលជាជាតិពុលច្រើន ៕

ដោយ៖ សហការីកំពង់ធំ


ចែករំលែក៖