ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីនប្រកាសមិនទទួលយកបានឡើយពីការបំផ្ទុះសង្គ្រាមបរមាណូ

ចែករំលែក៖

ក្នុងនាមជាប្រទេសសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ រុស្ស៊ីនឹងអនុវត្តតាមស្មារតីនិងច្បាប់របស់អង្គការសហប្រជាជាតិ(NPT)។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យមានសង្គ្រាមបរមាណូកើតឡើងនោះឡើយ។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «មិនមានអ្នកឈ្នះក្នុងសង្គ្រាមបរមាណូនោះឡើយ ហើយសង្គ្រាមនេះមិនអនុញ្ញាតឱ្យផ្ទុះឡើងជាដាច់ខាត»។ រុស្ស៊ីគាំទ្រសន្តិសុខតម្លាភាព និងមិនកាត់ផ្តាច់ជាមួយបណ្តាប្រទេសជាសមាជិកសហគមន៍អន្តរជាតិឡើយ។
ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា បណ្តាប្រទេសទាំងឡាយត្រូវតែគោរពតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ។ ប៉ុន្តែលោកពូទីនបញ្ជាក់ថា ប្រទេសទាំងអស់ មានសិទ្ធិក្នុងការអភិវឌ្ឍកម្មវិធីបរមាណូដើម្បីសន្តិភាព ដោយមិនមានលក្ខខណ្ឌណាមួយផ្សេងទៀតឡើយ ។
លោកពូទីនបញ្ជាក់ទៀតថា ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមក សនិ្ធសញ្ញាមិនរីកសាយភាយអាវុធបរមាណូបានក្លាយទៅជាកត្តាសំខាន់សម្រាប់ប្រព័ន្ធសន្តិសុខពិភពលោក ។ លោកពូទីនសង្ឃឹមថា បណ្តាប្រទេសទាំងអស់នឹងបញ្ជាក់ពីការសន្យារបស់ខ្លួនមិនរីកសាយភាយអាវុធបរមាណូ ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាពពិភពលោក។
សន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៥ខែមីនាឆ្នាំ១៩៧០ ហើយកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការអនុវត្ត៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ១៩៧៥មក។ ចំពោះកិច្ចប្រជុំលើកនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១-២៦ខែសីហានៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ AFP/TTXVN

រូប​ថត​ ៖ VOV


ចែករំលែក៖