ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចង.កធ្វើអត្តឃាតខ្លួនឯងដោយពុំដឹងមូលហេតុនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនម្នាក់ពុំដឹងជាមានវិបត្តិអ្វីបានសម្រេចចិត្តចង.កបញ្ចប់ជីវិតខ្លួនឯងទៅនឹងរនូតផ្ទះ បង្កការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៥ និង ០០នាទី ស្ថិតនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ខុន លីហួរ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ទឹង ឃ៉ំសំរោងធំ  ស្រុកកៀនស្វាយ ខេត្តកណ្តាល។   

     ប្រភពដដែលបន្តថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងពេលវេលាម៉ោង១៨និង០០នាទី ជនរងគ្រោះ មុននឹងធ្វើអត្តឃាតចងក បានមកផ្ទះម្តាយមីងឈ្មោះ ប្រង មករា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ត្រូវជាមីងបង្កើត) បានរៀបចំដួសបាយឱ្យជនរងគ្រោះហូប ពេលនោះជនរងគ្រោះមិនហូបទេ ទុកចោល ហើយនាំគ្នាដេករហូតទល់ភ្លឺ។ លុះដល់ម៉ោង៥៖០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ម្តាយមីងជនរងគ្រោះឈ្មោះ ប្រង មករា បានចុះមកដីដាំបាយយកទៅធ្វើការរោងចក្រ ដោយឃើញផ្ទះបងស្រីគ្មានមនុស្សនៅ តែមានបើកភ្លើង សង្ស័យក៏ទៅអើតមើលលើផ្ទះស្រាប់តែឃើញជនរងគ្រោះដែលត្រូវជាក្មួយបានធ្វើអត្តឃាត(ចងកស្លាប់)នៅជាប់និង រនូតផ្ទះស្លាប់បាត់ទៅហើយ។

 បន្ទាប់មកក្រុមគ្រួសារបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលសំរោងធំ ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយ កម្លាំងជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយ កម្លាំង អាវុធហត្ថ ស្រុកកៀនស្វាយ និង អាជ្ញាធរភូមិ ឃុំ រួមជាមួយគ្រូពេទ្យចុះពិនិត្យសពជនរងគ្រោះ។

     ការសន្និដ្ឋានៈសពជនរងគ្រោះគឺស្លាប់ដោយសាធ្វើអត្តឃាត(ចង.ក)។ ក្រោយពីជំនាញបានពិនិត្យរួច សាកសព ត្រូវបានប្រគល់ឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖