ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

   ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាលួចយ៉ាងសកម្មត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ។  ករណីនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

     មន្រ្តីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះភាព ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ចំណែកជនសង្ស័យមានគ្នា០៣នាក់ ទី១-ឈ្មោះ ហេង វ៉ាអុីហួយ ហៅហួយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មេខ្លោង ឃាត់ខ្លួន)។ ទី២-ឈ្មោះ លន់ ពីនីញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) និង៣-ឈ្មោះ ស៊ិន រាជ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ចំពោះវត្ថុតាងចាប់យកមាន៖

១-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួ ៥៤៤៥៩៩៦ និងលេខម៉ាស៊ីន ៥៤៤៥៩៩៦ ពាក់ស្លាកលេខ ភ្នំពេញ1HM-7464, បំពង់ទែរម៉ូម៉ែត្រសម្រាប់ជក់ថ្នាំញៀន០១ និងដែកកេះ០១ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

២-ទូរស័ព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ០១គ្រឿង(ជារបស់ជនរងគ្រោះ យកបានមកវិញ)។

៣-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Realme ពណ៌ស០១គ្រឿង (ជារបស់ជនសង្ស័យ)។

៤-ទូរស័ព្ទដៃ០១គ្រឿងម៉ាក Huawei ពណ៌ខ្មៅ០១គ្រឿង (ជារបស់ជនសង្ស័យ)។

      ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុកម្លាំងនគរបាលអន្តរាគមន៍ស្រុកអង្គស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចផ្លូវជាតិលេខ៤ មុខសាលាស្រុកអង្គស្នួល ពេលនោះស្រាប់តែឃើញមនុស្សប្រុសចំនួនពីរនាក់គួរឱ្យសង្ស័យ​ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ លេខតួនិងលេខម៉ាស៊ីន ៥៤៤៥៩៩៦ ពាក់ស្លាកលេខ ភ្នំពេញ 1HM-7464 ។ ពេលនោះ សមត្ថកិច្ចបានហៅត្រួតពិនិត្យ ហើយអ្នកទាំងពីរបានលូកដៃចូលហោប៉ៅរួចទាញយកបំពង់ទែរម៉ូម៉ែត្រសម្រាប់ជក់ ថ្នាំញៀនបោះចោលទៅលើដី ។  ឃើញដូច្នេះទើបកម្លាំងសមត្ថកិច្ចបានសហការគ្នាដើម្បីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីសួរនាំ។ ក្រោយមកជនសង្ស័យឈ្មោះ លន់ ពីនីញ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ ស៊ិន រាជ ទើបនាំគ្នាមកពីជក់ថ្នាំញៀន ហើយចំពោះទូរស័ព្ទដៃដែលខ្លួនកំពុងប្រើប្រាស់នោះខ្លួននិងឈ្មោះ ហេង វ៉ាអុីហួយ បានធ្វើសកម្មភាពឆក់យកពីជនរងគ្រោះកាលពីវេលាម៉ោង១១:៤៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យភ្លាម កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍បែកចាន ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វ៉ាអុីហួយ ហើយបានសារភាពថា ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកដទៃបានសម្រេចសរុបចំនួន៨លើក ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន២លើក ក្នុងនោះពីបទជួញដូរសារធាតុញៀនជាប់គុករយៈពេល២ឆ្នាំនៅពន្ធនាគារខេត្តកណ្ដាល និងបទជួញដូរសារធាតុញៀន ជាប់រយៈពេល៣ឆ្នាំនៅមណ្ឌលអប់រំព្រៃស រាជធានីភ្នំពេញ។

    ក្រោយមកកម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួលបានធ្វើការជូនដំណឹងទៅជនរងគ្រោះដើម្បីឱ្យដាក់ពាក្យបណ្ដឹងបន្តតាមនីតិវិធី។

    ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖