សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អូស្រ្តាលី ហ្ស៊កដានី និងអ៊ូសបេគីស្ថានបានដាក់បង្ហាញចំណាប់អារម្មណ៍ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ផ្នែកនារីឆ្នាំ២០២៦ខាងមុខ។
ប្រសិនបើត្រូវបានជ្រើសរើសនោះ អារ៉ាប៊ីសាអ៊ូឌីតដែលក្រុមបាល់ទាត់នារីទើបតែប្រកួតលើកដំបូងក្នុងខែកុម្ភៈឆ្នាំនេះ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិផ្លូវការលើកដំបូងរបស់ខ្លួន។
ទោះបីជាកំណែទម្រង់ថ្មីៗនេះបានផ្តល់ឱ្យស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានសេរីភាពកាន់តែច្រើនក៏ដោយក៏សិទ្ធិរបស់ពួកគេជាច្រើននៅតែត្រូវបានរឹតបន្តឹង។ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតធ្លាប់ត្រូវបានហាមមិនឱ្យចូលរួមការប្រកួតក្នុងកីឡដ្ឋានរហូតដល់ឆ្នាំ២០១៧។
អូស្ត្រាលីធ្វើជាម្ចាស់ផ្ទះពានរង្វាន់ Women’s Asian Cup លើកចុងក្រោយក្នុងឆ្នាំ២០០៦ ខណៈឆ្នាំ២០១៨ ត្រូវលេងនៅប្រទេសហ៊្សកដានីខណៈដែលប្រទេសអ៊ូសបេគីស្ថាន មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះទេ។
AFC បានប្រកាសថា “ឥឡូវនេះ AFC នឹងធ្វើការជាមួយសមាគមសមាជិកដេញថ្លៃទាំងអស់ លើការផ្តល់ឯកសារដេញថ្លៃចាំបាច់ ស្របតាមដំណើរការដេញថ្លៃ ជាមួយនឹងការសម្រេចចិត្តបញ្ចប់ និងទាក់ទងគ្នានៅឆ្នាំ២០២“។
គួររំលឹកថា ក្រុមជម្រើសជាតិនារីចិនបានឈ្នះពានរង្វាន់ Women’s Asian Cup ជាលើកទី៩ ក្រោយយកឈ្នះកូរ៉េខាងត្បូងក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតឆ្នាំ២០២២នេះ ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)