ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តលឿនដូចហោះ ជ្រុលបុករថយន្តស្ទូចដឹកដែកពីក្រោយពេញទំហឹង តៃកុងគាបជាប់ រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិននិងខ្មែរ២នាក់ទៀត បើករថយន្តហាយឡេនឌ័រមួយគ្រឿង លឿនដូចហោះជ្រុលបុករថយន្តស្ទូចដឹកដែកពីក្រោយ ខណៈកំពុងឈប់ចាំភ្លើងស្តុប ពេញទំហឹងបណ្ដាលឲ្យតៃកុងគាបជាប់ក្នុងកាប៊ីន សំណាងល្អរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចភ្លើងស្តុប មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស្ទូចដឹកដែកបង្គោលអង់តែន មួយគ្រឿងម៉ាកហុីយ៉ាន់ដាយព៌ណសពាក់ស្លាកលេខភ្នំពេញ3C-1413ធ្វើដំណើរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រង់ចាំភ្លើងស្តុប ខណៈនោះក៏មានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AD-3509បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសជនជាតិចិននិងខ្មែរ ២នាក់ទៀត ធ្វើដំណើរមកពីក្រោយលឿនដូចហោះជ្រុលទៅបុករថយន្តស្ទូចដឹកដែកពីក្រោយខាងស្តាំពេញទំហឹង បណ្ដាលឲ្យតៃកុងគាបជាប់ក្នុងកាប៊ីនត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយយកចេញមកក្រៅ សំណាងល្អរងរបួសស្រាល។ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖