ពិធីពូនភ្នំស្រូវ គេច្រើនធ្វើនៅខែមាឃ-ផល្គុន ឬ ដើមខែចែត្រ គឺនៅពេលផុតរដូវច្រូតកាត់ ។ អ្នកស្រុក នាំគ្នាធ្វើពិធីនេះឡើង ដើម្បីផ្គត់ផ្គង់គ្រឿងបម្រុងចតុប្បច្ច័យសម្រាប់ព្រះសង្ឃ គឺគេនាំគ្នាចំណាយផលដែលធ្វើបាននោះ ម្នាក់បន្តិចៗ ប្រមូលគ្នាយកទីវេរចំពោះព្រះសង្ឃ ។
ពិធីពូនភ្នំស្រូវនេះ គេច្រើនតែនិយមធ្វើនៅក្នុងវត្ត ខាងមុខព្រះវិហារ ។ ពេលខ្លះ គេធ្វើ ៣ ថ្ងៃ, ពេលខ្លះធ្វើ ៧ ថ្ងៃ តាមកាលៈទេសៈ និងសទ្ធាជ្រះថ្លារបស់អ្នកស្រុក ។ កាលណាចប់ហើយ អាចារ្យជាអធិបតី ក្នុងកិច្ចការវត្ត ក៏ចាប់ឲ្យឧបាសក-សិកានាំគ្នាដឹកជញ្ជូនស្រូវ ដែលពូនជាភ្នំនោះ យកទៅដាក់ឃ្លាំងវត្ត ។ បុណ្យពូនភ្នំស្រូវនេះ ចាប់តាំងពីថ្ងៃ ១ រោច ខែចែត្រទៅ មិនដែលឃើញមានធ្វើទេ ។
មានសាស្ត្រាល្បែង “ស្លឹករឹត” មួយ និយាយអំពីនាងនក់ និង កឡុកបណ្ឌិត្យ ដែលទាក់ទងនឹងពិធីពូនភ្នំស្រូវ មានសេចក្ដីសង្ខេបដូចតទៅ ៖
កាលដែលកន្លងទៅហើយ មានបុរសម្នាក់ឈ្មោះកឡុកបណ្ឌិត និងស្ត្រីម្នាក់ឈ្មោះនាងនក់ នៅក្នុងភូមិជាមួយគ្នា ។ កាលនៅវ័យក្មេងនៅឡើយ អ្នកទាំងពីរនាក់នេះ តែងលេងជាមួយគ្នាជាធម្មតា ។ ថ្ងៃមួយ អ្នកទាំងពីរនាក់ ក៏នឹកភ្នកនិយាយអំពីអនាគត និងបំណងរបស់ខ្លួន ។
កឡុកបណ្ឌិតនិយាយថា “នែនាងនក់ ! អញ បើនឹងយកប្រពន្ធទាល់តែស្រីនោះ ចេះគោរពអញ តាមករណីកិច្ចជាភរិយា ហើយបើកាលណាអញទៅងូតទឹកកំពង់, ស្រីនោះ ត្រូវកាន់សំពត់ងូតតាមទៅឲ្យអញដល់កំពង់ ទើបអញយកធ្វើជាប្រពន្ធ” ។
នាងនក់ ក៏ឆ្លើយតបទៅវិញថា “បងអើយ ! ខ្ញុំក៏មានចិត្តគិតដូចបងដែរ, បើបុរសណាកាន់សំពត់ងូតខ្ញុំទៅដល់កំពង់ទឹក ហើយបម្រើខ្ញុំគ្រប់បែបយ៉ាង ទើបខ្ញុំយកធ្វើជាប្ដី” ។
រំលងពីនោះបន្តិចមក កឡុកបណ្ឌិត ក៏ដល់អាយុចូលបួសក្នុងព្រះពុទ្ធសាសនា ។ លុះចាកសិក្ខាបទមកវិញ នាងនក់នោះ ក៏មិនទាន់មានប្ដី, ម្ដាយឪពុកកឡុកបណ្ឌិត ក៏ទៅស្ដីដណ្ដឹងនាងមកធ្វើជាប្រពន្ធកូនខ្លួន ឲ្យបាននៅរួមសុខទុក្ខជាមួយគ្នាតទៅ ។ កឡុកបណ្ឌិត ស្រឡាញ់ថ្នមប្រពន្ធណាស់ មិនដែលឲ្យសៅហ្មងអ្វីឡើយ ។ នាងនក់ ក៏បម្រើប្ដីតាមករណីកិច្ចរបស់ខ្លួនដែរ ។
ថ្ងៃមួយ ប្ដីប្រពន្ធនាំគ្នាទៅងូតទឹក ។ នាងនក់នឹកឃើញពាក្យដែលខ្លួនបាននិយាយលេងនឹងគ្នាកាលពីក្មេង លុះងូតរួច ក៏ឡើងត្រឡប់ទៅផ្ទះមិនប្ដី ធ្វើជាភ្លេចក្រមា ។ កឡុកបណ្ឌិត ឃើញប្រពន្ធភ្លេចក្រមាងូតទឹក ខំស្រែកប្រាប់ ។ នាងនក់ប្រាប់ទៅវិញថា “បងកាន់យកមកឲ្យខ្ញុំផង !” ។
កឡុកបណ្ឌិត ក៏កាន់យកក្រមាងូតទឹករបស់ប្រពន្ធទៅផ្ទះ ។ ទៅដល់ផ្ទះហើយ នាងនករៀបបាយទឹកជូនប្ដីបរិភោគរួចស្រេច, ពេលចូលដំណេក សំណេះសំណាលពីនេះពីនោះ នាងនក ក៏និយាយចំអន់ប្ដីលេងថា “នែបង ! បងភ្លេចហើយឬនៅ ? កាលយើងនៅពីក្មេងទាំងអស់គ្នា ខ្ញុំបាននិយាយនឹងបងថា “បើខ្ញុំយកប្ដី ទាល់តែប្ដីនោះបម្រើ ហើយកាន់ក្រមាងូតទឹកឲ្យខ្ញុំ ទើបខ្ញុំយកជាប្ដី ឥឡូវនេះ ខ្ញុំបានប្ដីកាន់ក្រមាងូតទឹកឲ្យមែន សមតាមបំណងរបស់ខ្ញុំហើយ” ។ កឡុកបណ្ឌិត ស្ដាប់ប្រពន្ធនិយាយដូច្នោះ នឹកឃើញរឿងដើម ក៏កើតសេចក្ដីខ្មាសអៀននឹងពាក្យប្រពន្ធ នឹកក្នុងចិត្តថា “មិនគួរចាញ់ប្រៀបមនុស្សស្រីសោះ” ។ ហើយក៏ឈប់និយាយលេងតទៅទៀត ។ ប្រពន្ធមិនដឹងជាប្ដីអន់ចិត្តនឹងសម្ដីខ្លួន ក៏និទ្រាលក់ទៅ ។ កឡុកបណ្ឌិត ក៏លបលួចយកសំពៅមួយ ធ្វើដំណើររត់ចេញទាំងយប់ ។ លុះព្រឹកឡើង ទៅដល់នគរមួយ ដែលមានស្ដេចសោយរាជ្យមាននាមថា “ស្ដេចបំផ្លាញឈ្មួញ” ។ លុះដឹងថាមានសំពៅមួយមកចតនៅតំបន់ខ្លួន ស្ដេចនោះត្រេកអរណាស់ ទើបប្រើសេនារៀបភោជនាហារ ជប់លៀងកឡុកបណ្ឌិតជានាយសំពៅ ដោយចាត់ឲ្យមានមនុស្សបម្រើពុំមានខ្ចោះ ។ ទ្រង់សំណេះសំណាលរាក់ទាក់នឹងនាយសំពៅ ហើយឃាត់ឲ្យនាយសំពៅនៅកម្សាន្តបានពីរ-បីថ្ងៃសិន ។ នៅពេលដែលកឡុកបណ្ឌិតកំពុងតែបរិភោគអាហារ ស្ដេចបំផ្លាញឈ្មួញនោះ ក៏ចាត់បម្រើឲ្យយកអណ្ដើកមាសមួយទៅលាក់ក្នុងសំពៅ ។
ពីរបីថ្ងៃក្រោយមក កឡុកបណ្ឌិត ក៏ឡើងទៅក្រាបបង្គំលាស្ដេចចេញដំណើរទៅទៀត ។ ស្ដេចនោះ ស្រាប់តែចោទប្រកាន់កឡុកបណ្ឌិតថា “នែមាណព ! យើងរាប់អានស្រឡាញ់ឯង ឃាត់ឯងឲ្យនៅកម្សាន្តបានពីរបីថ្ងៃ មិនគួរឯងមានគំនិតអាក្រក់ មកលួចទ្រព្យសម្បត្តិដែលជាកេរមត៌កយើងទៅសោះ !” ។ ឯងចេញទៅមិនទាន់បានទេ ចាំយើងរើរកមើលទ្រព្យយើងសិន !” ។
លុះធ្វើស្រេចហើយ សារិកា ក៏ចូលទៅនៅសម្ងំចាំ លុះឃើញសាមណេរមួយអង្គចូលទៅទន្ទេញធម៌នៅក្នុងព្រះវិហារនោះ វាក៏បញ្ចេញសំឡេងក្លែងធ្វើជាព្រះចេះនិយាយថា“នែ ! សាមណេរ ! នៅទន្ទេញធម៌ដល់ណាទៀត ! ម្ដេចមិនទៅប្រាប់អាចារ្យឲ្យប្រមូលគ្នាមកធ្វើបុណ្យភ្នំស្រូវ ទាន់អញតថាគតនៅ” ។
សាមណេរឮដូច្នោះ ភ័យណាស់ រត់ទៅពិតលោកគ្រូចៅអធិការ ៗមកមើល លុះឮពាក្យដដែលមែន ក៏ចេញទៅទូងស្គរ ហៅអ្នកស្រុកឲ្យប្រជុំគ្នាធ្វើបុណ្យភ្នំស្រូវកំណត់ ៧ ថ្ងៃ ។ អ្នកស្រុក នាំគ្នារែកស្រូវនំនែកផ្លែឈើផ្សេងៗ ទៅចាក់គរធារក្នុងព្រះវិហារ ហើយធ្វើពិធីបុណ្យតាមលំនាំសាសនា យ៉ាងអ៊ឹកធឹក ។ សត្វសារិកា បានឱកាសហើយ ក៏ទៅប្រាប់ស្ដេចកណ្ដុរសថា “ចូរលោកនាំគ្នាទៅជញ្ជូនគ្រឿងសម្រាប់បរិភោគនោះ មកទុកដាក់បម្រុងជាស្បៀងចុះ, ខ្ញុំសុំលាលោកទៅរកម្ចាស់ខ្ញុំហើយ !” ។
ក្រោយពីនោះមក តែដល់ថ្ងៃខួបនោះ អ្នកស្រុក ក៏ចេះតែនាំគ្នាធ្វើបុណ្យភ្នំស្រូវ ជាប់ជាទំនៀមរហូតមក ៕
ស្រាវជ្រាវតាមសៀវភៅរឿងព្រេងខ្មែរភាគ៩ ដោយ÷ចៅតាជេត