ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួន ខណៈដែលជនសង្ស័យទាំង៣នាក់ខាងលើកំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី ក្នុងភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ( ឃាត់ខ្លួន ០២នាក់ រត់គេចខ្លួន០១ នាក់ ) មាន៖ ១- ឈ្មោះ យឿង សឿន ហៅស្វិត ភេទ ប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ( មានសារធាតុញៀនក្នុងទឹកនោម ), ២-ឈ្មោះឡេង មុំ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) និងទី៣-ពុំស្គាល់អត្តសញ្ញាណ។ វត្ថុតាងចាប់យក៖១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន០៥កញ្ចប់ (មធ្យម០១, តូច០៤ ) ទម្ងន់ មិនទាន់ថ្លឹង, ២-ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ،៣-ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន ،៤-ដាវដែក ចំនួន០២ដើម ، ៥-កាំបិតខ្លីចំនួន០២ដើម និង៦-កណ្តៀវ ០១ដើម ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅភូមិស្វាយថាមានមុខសញ្ញាមកប្រមូលផ្តុំគ្នាធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅព្រៃចម្ការខាងក្រោយភូមិ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងបានសហការជាមួយកម្លាំងជំនាញស្រុកបានចេញល្បាតឃ្លាំមើលនៅចំណុចកើតហេតុឃើញមានសកម្មភាពដូចប្រជាពលរដ្ឋរាយការណ៍មែន ភ្លាមនោះកម្លាំងយើងបានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រត់គេចខ្លួន០១នាក់ និងចាប់យកវត្ថុតាងបានដូចខាងលើ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖នៅមុនពេលកើតហេតុ ខ្លួនបានលក់ថ្នាំញៀនឲ្យគេចំនួន០២កញ្ចប់ បានប្រាក់ចំនួន៧មុឺនរៀល ។ ថ្នាំញៀននៅចំពោះមុខពិតជារបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀននេះខ្លួនបានទិញពីជនពុំស្គាល់ឈ្មោះនៅសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមិនចាំលេខទូរស័ព្ទ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ស្អាង ជ័យ