ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលទឹកបៀ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិជួយស្រង់ចេញពីក្នុងទឹកនិងប្រញាប់ប្រញាល់ធ្វើចលនាដើម្បីសង្គ្រោះជីវិត តែអកុសលយឺតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិខាងកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះឡេង ប្រាំង អាយុ១២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញក្មេងប្រុសឈ្មោះឡេង ប្រាំង បានទៅឃ្វាលគោនៅវាលស្រែខាងត្បូងផ្ទះចម្ងាយ៤០០ម៉ែត្រដូចសព្វដង ខណៈនោះក្មេងប្រុសឈ្មោះប្រាំងបានដើរទៅលេងក្បែរមាត់បៀក៏រអិលជើងធ្លាក់ចូលបៀបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិជួយស្រង់ចេញពីក្នុងទឹកនិងប្រញាប់ប្រញាល់ធ្វើចលនាដើម្បីសង្គ្រោះជីវិត តែអកុសលយឹតពេលទៅហើយ។
តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលជំនាញនិងក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្នោតបញ្ជាក់ថាក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកបៀប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដីក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖យឹម សុថាន