ខេត្តបន្ទាយមានជ័យ ៖ ដូចការគ្រោងទុកអាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ(ថៃ)បើកយុទ្ធនាការរួមគ្នាសំអាតបរិស្ថាន នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងលឹកនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។
ភាគីខាងកម្ពុជា ដឹកនាំដោយ អភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល រួមមានមន្ត្រីរាជការកងកម្លាំងទាំងបីប្រភេទ ក្រុមយុវជន ប្រជាការពារភូមិប្រមាណ៣០០នាក់ បានរួមគ្នាជាមួយភាគីថៃ គឺស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ ប្រទេសថៃ ដែលដឹកនាំដោយលោកអភិបាលស្រុកអារញ្ញាប្រាថេប មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករចំនួន១០០នាក់ បាននាំគ្នាបោសបាញ់ទឹកសំអាតបរិស្ថាន អនាម័យ លើស្ពានមិត្តភាពកម្ពុជា-ថៃ និងបរិវេនច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ដើម្បីធានានូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈនេះ គឺចាំបាច់ ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង រាវឲ្យបានត្រឹមត្រូវ តាមរយៈវេចខ្ចប់ និងការញែកសំរាមតាមប្រភេទ។ លោកបានធ្វើការបញ្ជាក់ជាមួយភាគីថៃថា ការចុះធ្វើអនាម័យរួមគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភាគីទាំង២កម្ពុជា.ថៃនៅចំណុចខាងលើនេះ ត្រូវរួមគ្នាធ្វើជាប្រចាំដើម្បីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.ខ្លងឡឹក មានអនាម័យល្អ សោភ័ណភាព និងដើម្បីឲ្យមានផាសុកភាពដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់។
លោកអភិបាលក្រុងបញ្ជាក់ទៀតថា ការប្រមូលទុកដាក់សំរាម សំណល់រឹងឲ្យបានត្រឹមត្រូវនេះ ក៏ត្រូវធ្វើជាប្រចាំ នៅតាមស្ថាប័ន សាលារៀន វត្តអារាម និងមន្ទីរពេទ្យ រោងចក្រ សហគ្រាស សិប្បកម្ម និងនៅតាមបណ្តាលរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាននានា ដើម្បីធានាបានផាសុកភាព និងភាពមនោរម្យក្នុងការផ្ដល់សេវាសម្រាក លំហែ របស់ភ្ញៀវទេសចរ។ ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋានបានបំផុសឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យបរិស្ថាននៅតាមលំនៅដ្ឋាន និងតាមទីកន្លែងដែលខ្លួនគ្រប់គ្រង ដោយណែនាំពីការទុកដាក់សំរាម សំណល់រឹងឲ្យបានសមស្រប ដើម្បីធានាឲ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាពនៅក្នុងភូមិដ្ឋាន និងសុខភាពអនាម័យ៕
ដោយ ៖ វណ្ណា