ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀងបានចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ចាប់យកថ្នាំញៀនជាង១០០០ក្រាម។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងនៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២២នេះថា កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិអូរចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះរួមមាន៖ ១-ឈ្មោះ មុត បូណា ហៅ សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិកំប្រង់ ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង និង២-ឈ្មោះ ហួរ ហាក់លីន ហៅ ឧត្តម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ោយយុង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ១១កញ្ចប់ ទម្ងន់១១០៧,៥២ក្រាម (ថ្លឹងទាំងសំបក)
– ទូរស័ព្ទដៃចំនួន០២គ្រឿង និងរថយន្តចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា