ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្លាក់ពីលើអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មកទើរលើធ្នើរ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងដោយគេមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យធ្លាក់នោះនៅឡើយ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ស្ថិតនៅជាប់នឹងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាកសពស្ត្រីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញស្ត្រីរងគ្រោះដេកផ្កាប់មុខនៅលើទ្រនើរត្រង់ចំណុចកើតហេតុ។ បន្ទាប់មកក៏មានអ្នកទៅមើលជនរងគ្រោះ ស្រាប់តែឃើញគាត់ស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយមន្ត្រីជំនាញកោសល្យវិច័យដើម្បីពិនិត្យសាកសពស្ត្រីរងគ្រោះឲ្យដឹងប្រាកដថាតើ ស្ត្រីរងគ្រោះស្លាប់ដោយសារអ្វីឱ្យពិតប្រាកដ ៕
ដោយ ៖ ភារ៉ា ដង្កោ