ព័ត៌មានទាន់ហេតុការណ៍៖

មានករណីផ្ទុះយ៉ាងខ្លាំងនៅរដ្ឋ Indiana ស្លាប់៣នាក់ ផ្ទះជិត៤០ខ្នងរងការបំផ្លាញ

ចែករំលែក៖

អគ្គនាយកមន្ទីរពន្លត់អគ្គិភ័យ ទីក្រុង Evansville រដ្ឋ Indiana សហរដ្ឋអាមេរិក លោក Mike Connelly បានឱ្យដឹងថា មានមនុស្ស៣នាក់ស្លាប់ និងផ្ទះ៣៩ខ្នងរងការខួចខាតយ៉ាងខ្លាំងដោយសារតែការផ្ទុះទ្រង់ទ្រាយធំនៅក្នុងតំបន់នេះ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១០ ខែសីហា លោកMike Connelly បានប្រកាសថា អាចនៅមានអ្នករងរបួសជាច្រើនទៀត ដោយសារតែយើងមិនទាន់បញ្ចប់សកម្មភាពស្វែងរកជួយសង្គ្រោះនៅឡើយទេ ។ ចំណែកផ្ទះជាច្រើនដែលរងការខូចខាតនៅមិនទាន់មានសុវត្ថិភាពនៅឡើយ។
អ្នកនាំពាក្យស្នងការប៉ូលិស តំបន់ Evansville លោកស្រី Ana Gray បានឱ្យដឹងថា មានអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ។ នៅពេលនេះយើងមិនទាន់ប្រកាសពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយមូលហេតុនៃការផ្ទុះក៏នៅមិនទាន់ដឹងនៅឡើយដែរ ព្រោះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីផ្ទុះខាងលើ។ មនុស្សមួយចំនួនបានសន្និដ្ឋានថាអាចបណ្តាលមកពីការផ្ទុះហ្គាស៕ ដោយ៖ ធីរីណា

រូបថត៖ CNN


ចែករំលែក៖