ខេត្តស្ទឹងត្រែង ៖ ទឹកទន្លេស្រែពកបានស្រកចុះបន្តិចនៅព្រឹកថ្ងៃទី១២ ខែសីហានេះ តែលំនៅដ្ឋានប្រជាពលរដ្ឋនៅស្រុកសេសានដែលនៅដីទំនាបជាប់មាត់អូរព្រែកបានរងផលប៉ះពាល់ពីទឹកជំនន់ជាច្រើនគ្រួសារផងដែរ។
អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងពីការកើន ឡើងកម្ពស់ទឹកទន្លេ និងករណីដែលអាចមានគ្រោះ មហន្តរាយទឹកជំនន់ជូនទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទន្លេទាំង៤ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ បង្កើនសុវត្ថិភាពចំពោះគ្រួសារនិមួយៗ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លសេសាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ មានកម្ពស់ជាង៩ ម៉ែត្រជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ថ្ងៃនេះទឹកស្រកបាន៦តឹកតែប៉ុណ្ណោះ ហើយតំបន់មួយចំនួនជួបបញ្ហាប្រឈម ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅប្រកបរបរតាមបណ្ដោយដងទន្លេ និងបងប្អូនដែលមាន មូលដ្ឋានងាយរងគ្រោះផ្សេងទៀត សូមមេត្តាត្រៀមបង្ការនិងប្រុងប្រយ័ត្នខ្ពស់ព្រោះតំបន់មូយចំនួនត្រូវលិចលង់រួចទៅហើយ។
លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងករណីចាំបាច់ណាមួយចំពោះគ្រោះមហន្តរាយទឹកជំនន់នៅមូលដ្ឋានសូមបងប្អូនប្រជាពលរដ្ឋជួយដល់ព័ត៌មានទៅអាជ្ញាធរភូមិ-ឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាលឲ្យបានឆាប់បំផុត ដើម្បីជួយដោះស្រាយនិងអន្តរាគមន៍បានទាន់ពេលវេលាបញ្ចៀសនូវហានិភ័យធ្ងន់ធ្ងរ។
ជាមួយនេះក៏ត្រូវបង្កើនការត្រៀមលក្ខណៈបង្ការនិងថែរក្សាកូនចៅតូច ជនចាស់ជរា និងត្រៀមជម្លៀសសត្វចិញ្ចឹម ទៅទីទួលសុវត្ថិភាព, រៀបចំស្បៀងអាហារផ្សេងៗ ដើម្បីផ្គត់ផ្គង់នៅពេលយើងចាកចេញពីមូលដ្ឋានទៅរកទីទួលសុវត្ថិភាពនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។ ពីព្រោះនៅពេលមានទឹកជំនន់បងប្អូនក៏រកទីទួលសុវត្ថិភាពពពួកសត្វផ្សេងៗក៏ទៅរកទីទួលរស់នៅផងដែរ។
លោកគិន ធារិទ្ធប្រជាពលរដ្ឋនៅភូមិឃុំភ្លុកស្រុកសេសាន បានបញ្ជាក់ថា ផ្ទះរបស់លោកត្រូវបានទឹកទន្លេសេសានឡើងលិចចូលក្រោមផ្ទះហើយ អ្វីដែលអាជ្ញាធរស្រុកបានដាស់តឿននេះ លោកនឹងជួយផ្សព្វផ្សាយទៅ ដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ទោះបីថាលិចឬមិនទាន់លិចក៏ដោយយើងត្រូវតែប្រុងប្រយ័ត្នទាំង អស់គ្នា ព្រោះបើតាមស្ថានភាពជាក់ស្ដែងទឹកនេះអាចនៅឡើងបន្តទៀតដោយសារក្រសួងធនធានទឹកបានជូនដំណឹងមកថាមានព្យុះនិងភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឡាវ វៀតណាម និងប៉ះមកម្ពុជាយើងផងដែរ។
សូមបញ្ជាក់ថា ក្នុងក្រុងស្រុកទាំង៦នៅខេត្តស្ទឹងត្រែងមានស្រុកសេសានរងផលប៉ះពាល់ចំនួន១៥ភូមិ ក្នុងនោះមានប្រជាពលរដ្ឋ២៦៨គ្រួសារ ផ្ទះ១៥៩ខ្នង ស្លាប់សត្វពាហនៈ១២ក្បាល លិចសន្ទូង៥២ហិចតា ដំណាំរួមផ្សំ២១ហិចតា ផ្លូវជាតិ៥០០ម៉ែត្រ ផ្លូវលំ២១៤០ម៉ែត្រស្ពាន២និងលូចំនួន៨ផងដែរ៕
ដោយ៖ សូរិយា