ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេស្រែពកស្រកចុះបន្ដិច​តែផ្ទះពលរដ្ឋច្រើនខ្នង​នៅស្រុកសេសានរងផលប៉ះពាល់​

ចែករំលែក៖

 ខេត្តស្ទឹងត្រែង ៖ ទឹកទន្លេស្រែពក​បានស្រកចុះបន្តិច​នៅព្រឹកថ្ងៃទី១២ ខែសីហានេះ​ តែលំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅស្រុកសេសានដែល​នៅ​ដីទំនាបជាប់មាត់អូរព្រែក​បានរងផលប៉ះពាល់​ពីទឹកជំនន់ជាច្រើនគ្រួសារផងដែរ។ ​

អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងពីការកើន ឡើងកម្ពស់ទឹកទន្លេ និងករណីដែលអាចមានគ្រោះ មហន្តរាយទឹកជំនន់ជូនទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទន្លេទាំង៤ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ បង្កើនសុវត្ថិភាព​ចំពោះគ្រួសារនិមួយៗ។​

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖ ​ស្ថានភាពទឹកទន្លសេសាននៅថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០២២ ​មានកម្ពស់ជាង៩ ម៉ែត្រជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ។​

​លោកអភិបាលស្រុកបានបញ្ជាក់ថា ថ្ងៃនេះទឹកស្រកបាន៦តឹកតែប៉ុណ្ណោះ​ ហើយតំបន់​មួយចំនួន​ជួបបញ្ហាប្រឈម ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល​កំពុងរស់នៅប្រកបរបរ​តាមបណ្ដោយ​ដងទន្លេ និងបងប្អូនដែលមាន មូលដ្ឋានងាយរងគ្រោះផ្សេងទៀត សូមមេត្តាត្រៀមបង្ការ​និងប្រុង​ប្រយ័ត្នខ្ពស់ព្រោះតំបន់មូយចំនួនត្រូវលិចលង់រួចទៅហើយ។

​លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងករណីចាំបាច់ណាមួយ​ចំពោះគ្រោះមហន្តរាយ​ទឹកជំនន់​នៅ​មូលដ្ឋានសូមបងប្អូនប្រជាពលរដ្ឋជួយដល់ព័ត៌មានទៅអាជ្ញាធរភូមិ-ឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាល​ឲ្យ​បានឆាប់បំផុត ដើម្បីជួយដោះស្រាយនិងអន្តរាគមន៍បានទាន់ពេលវេលាបញ្ចៀសនូវ​ហានិភ័យ​ធ្ងន់ធ្ងរ។

ជាមួយនេះក៏ត្រូវបង្កើនការត្រៀមលក្ខណៈបង្ការនិងថែរក្សាកូនចៅតូច ជនចាស់ជរា និងត្រៀម​ជម្លៀស​សត្វចិញ្ចឹម ទៅទីទួលសុវត្ថិភាព, រៀបចំស្បៀងអាហារផ្សេងៗ ដើម្បីផ្គត់ផ្គង់នៅពេលយើង​ចាកចេញពីមូលដ្ឋានទៅរកទីទួលសុវត្ថិភាពនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។ ពីព្រោះនៅពេលមានទឹកជំនន់បងប្អូនក៏រកទីទួលសុវត្ថិភាពពពួកសត្វផ្សេងៗ​ក៏ទៅរកទីទួល​រស់​នៅផងដែរ។

លោកគិន ធារិទ្ធប្រជាពលរដ្ឋនៅភូមិឃុំភ្លុកស្រុកសេសាន បានបញ្ជាក់ថា ផ្ទះរបស់លោកត្រូវបាន​ទឹកទន្លេសេសានឡើងលិចចូលក្រោមផ្ទះហើយ អ្វីដែលអាជ្ញាធរស្រុកបានដាស់តឿននេះ លោក​នឹងជួយផ្សព្វផ្សាយទៅ ដល់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ទោះបីថាលិចឬមិនទាន់លិចក៏ដោយយើងត្រូវតែប្រុងប្រយ័ត្នទាំង អស់គ្នា ព្រោះបើតាមស្ថានភាព​ជាក់ស្ដែងទឹកនេះអាច​នៅឡើងបន្តទៀត​ដោយសារក្រសួងធនធានទឹកបានជូនដំណឹងមកថាមានព្យុះនិងភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឡាវ វៀតណាម និងប៉ះមកម្ពុជាយើងផងដែរ។

សូមបញ្ជាក់ថា ក្នុងក្រុងស្រុកទាំង៦នៅខេត្តស្ទឹងត្រែង​មានស្រុកសេសាន​រងផលប៉ះពាល់​ចំនួន​១៥ភូមិ ក្នុងនោះមានប្រជាពលរដ្ឋ២៦៨គ្រួសារ ផ្ទះ១៥៩ខ្នង ស្លាប់សត្វពាហនៈ១២ក្បាល លិច​សន្ទូង៥២ហិចតា ដំណាំរួមផ្សំ២១ហិចតា ផ្លូវជាតិ៥០០ម៉ែត្រ ផ្លូវលំ២១៤០ម៉ែត្រ​ស្ពាន២និង​លូចំនួន​៨ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖