ខេត្តត្បូងឃ្មុំ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែសីហា ឆ្នាំ២០២២នេះថា៖ ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃសុក្រ ទី១២ ខែសីហា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មួយចំនួន ចុះជួយរុះរើផ្ទះ និងសម្ភារៈមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការបាក់ដីស្រុតចូលទៅក្នុងទន្លេ ។
របាយការណ៍ដដែលបន្តថា នាពេលយប់មិញនេះ គឺទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងគំហុក ដែលបណ្ដាលឲ្យបាក់ស្រុតដីច្រើនកន្លែង នឹងអាចបង្កឲ្យខូចខាតផលដំណាំ និងសម្ភារៈ របស់បងប្អូនប្រជាពលរដ្ឋ ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបន្តចុះទៅពិត្យមើល ស្ថានភាពទឹកជំនន់ និងដីច្រាំងទន្លេ ដែលបម្រុងនឹងបាក់ស្រុតផងដែរ ។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម ។
ក្នុងករណីចាំបាច់ ឲ្យកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំជួយអន្តរាគមន៍ ២៤ម៉ោង សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០៧១ ៤៤ ២២ ៦៦៦ ៕
ដោយ៖សហការី