ព័ត៌មានទាន់ហេតុការណ៍៖

លួចកាច់កម៉ូតូជិះយកទៅបាត់មិនបានប៉ុន្មាននាទីផងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់បានធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេចហើយព្យាយាមជិះគេចខ្លួន តែមិនបានប៉ុន្មាននាទីផងត្រូវសមត្ថកិច្ចក្រុងតាខ្មៅក្របួចជាប់យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្កណ្ដាល។

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈៀង គីមឡាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នា០២នាក់៖ ទី១-ឈ្មោះប៉ី បូរី   ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២-មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ វត្ថុតាងចាប់យកមានសោលេខ៨ រាងអក្សរL ចំនួន០១(របស់ជនសង្ស័យ),ដែកប្រាំមួយជ្រុង ចុងស្រួចចំនួន០១ ប្រវែង៨ស.ម(របស់ជនសង្ស័យ),ម៉ូតូ០១គ្រឿងម៉ាកHONDA Scoopy-i ពណ៌ស  ពាក់ស្លាកលេខ កណ្ដាល1AH-4247(របស់ជនរងគ្រោះ)។

     ប្រភពដដែលបន្តថា កាលពីថ្ងៃខែកើតហេតុ  ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនទុកនៅក្រោមផ្ទះ ហើយបានឡើងទៅខាងលើផ្ទះ ដោយបានចាក់សោ.កត្រឹមត្រូវ។ លុះបានរយៈពេលប្រហែលកន្លះម៉ោងក្រោយមកក៏ឮសូរសំឡេងបញ្ឆេះម៉ូតូក៏អើតមើលឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនចេញក៏ស្រែកថាចោរៗ និងបានបងប្អូនជិះដេញតាមរហូតមកដល់ចំណុចគល់ស្ពានជប៉ុនក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបនឹងកម្លាំងសមត្ថកិច្ចកំពុងល្បាតដេញចាប់ឃាត់ជនសង្ស័យបាន០១នាក់ រួចក៏បញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖