ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត ឡិចសុីស RX300 ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូហុងដាស្គូពី ពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី ១៤ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីហព័ន្ធរុស្ស៊ី កែងនឹងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត lexus rx300 ពណ៌សពាក់ស្លាកលេខបាត់ដំបង2C-4566ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូហុងដាស្គូពី១គ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IL-9547ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ទិសដៅពីត្បូងទៅជើងចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសគ្រេចជើងឆ្វេងម្ខាងនឹងបែកចង្កា។
ក្រោយកើតហេតុសមត្ថកិច្ចប្រចាំការនៅគោលដៅកន្លែងកើតហេតុខាងលើបានឲ្យភាគីរថយន្តនិងភាគីម៉ូតូ បើកមកអែបចិញ្ចើមផ្លូវ ដើម្បីធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្ដបានចេញសំណងទៅឲ្យខាងភាគីម៉ូតូចំនួន ៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ