ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់និងនារីម្នាក់រងរបួសខណៈបើកម៉ូតូវ៉ាជែងទាក់ដៃចង្កូតគ្នាដួលត្រូវរថយន្តកុងតឺន័រកិនពីលើ

ចែករំលែក៖

ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀតបានរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាវ៉ាជែងជ្រុលទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលនៅពីមុខបណ្តាលឱ្យដួលខ្ទាតចូលក្រោមរថយន្តកុងតឺន័របើកមកពីក្រោយកិនពីលើ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    សមត្ថកិច្ចបានឱ្យដឹងថា យុវជនដែលស្លាប់មានឈ្មោះ ម៉ុង ចែម អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី៧ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់រួមដំណើរជាមួយយុវជនម្នាក់ទៀតបានជិះម៉ូតូឌុបគ្នាម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1IG-6207 តាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្តកុងតឺន័រ តែជែងមិនផុតក៏ជ្រុលទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកដែលបើកនៅពីមុខបណ្តាលឱ្យដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់រថយន្តកុងតឺន័រមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ3F-1855 ដែលធ្វើដំណើរស្របទិសគ្នាកិនពីលើយុវជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯនារីត្រូវជាបងគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយភ្លាមៗនោះដែរ អ្នកបើករថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែង រួចយករថយន្តកុងតឺន័រនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងតាខ្មៅរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។  ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖