ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ភ័យព្រលឹងចុងសក់! បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿន រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យក្រឡាប់ផ្ងារជើង និងរងការខូចខាត

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់បើករថយន្តដឹកថ្មលឿន រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យម្ចាស់ភ័យព្រលឹងចុងសក់។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកថ្មធុនធំមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-2777 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងការខូចខាត ។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺខូចខាតរួមមាន៖ បង្គោលភ្លើងរបស់រដ្ឋ, តូបលក់កាហ្វេ និងផ្ទះបងប្អូនប្រជាពលរដ្ឋ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនតៃកុងរថយន្តបានភ្លាមៗ នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី ៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖